ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចំនួន៣៣៣នាក់ បន្តចុះពិនិត្យ-ព្យាបាល និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ

ត្បូងឃ្មុំ៖ ទី១២ ខែឧសភា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចំនួន៣៣៣នាក់ បន្តចុះពិនិត្យ-ព្យាបាល និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចំនួន ៥,៥៨១នាក់ (ប្រាំពាន់ប្រាំរយប៉ែតសិបមួយនាក់) លើសការគ្រោងទុកចំនួន១ពាន់នាក់ នៅវិទ្យាល័យ ហេង សំរិន ចក ភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ព្រមទាំងមានចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយឯកឧត្ដម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដោយមានការចូលរួមពី ឯកឧត្ដម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ, លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ, មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជនស.ស.យ.ក និងសិស្សានុសិស្ស ព្រមទាំងអាជ្ញាធរមូលដ្ឋាននៃស្រុកអូររាំងឳផងដែរ។

ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ មន្ទីរពិសោធន៍(វិភាគឈាម)…។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលជូនគ្រួសារ និងសង្គមជាតិ។