ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាយើងឆ្លងកាត់ច្រើនដំណាក់កាលណាស់ ហើយយើងចាំបាច់ត្រូវឯកភាពទស្សនៈជាតិរួមគ្នា ដើម្បីសម្រេចគោលដៅអនាគតកម្ពុជា

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពោធិ៍សាត់ចំនួន៥៤៤នាក់ ជាផ្នែកមួយនៃដំណើរទូទាំងប្រទេសរបស់ ស.ស.យ.ក.។

ក្នុងឱកាសនៃការជួបជុំក្រុមគ្រួសារ ស.ស.យ.ក. ដ៏ស្និទស្នាលនេះក៏មានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ឡៃអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ។

ឯកឧត្តម ហេង សុខគង់ ប្រធានស.ស.យ.ក. ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ស.ស.យ.ក. ខេត្តពោធិ៍សាត់បានក្លាយជាទីស្នាក់អាស្រ័យ និងហ្វឹកហាត់ខួរក្បាលនៃជំនាញទន់ក្នុងការចូលរួមជាមួយសង្គមរបស់យុវជន។ សមាជិកសមាជិកាម្នាក់ៗ តែងតែប្រណិបត័ន៍យ៉ាងខ្ជាប់ខ្ជួនតាមគន្លងដឹកនាំរបស់ឥស្សរជនកម្ពុជា និងបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការចូលរួមជាមួយសង្គមប្រកបដោយគុណធម៌ និងទឹកចិត្តអង់អាចក្លាហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ និងអនាគតកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា ស.ស.យ.ក. ខេត្តពោធិ៍សាត់ បានថ្លែងថា៖ «ការស្ម័គ្រចិត្តដោយវិជ្ជមានផ្តល់ភាពជាគម្រូ និងផ្នត់គំនិតសង្គមដល់យុវជន និងក្មេងជំនាន់ក្រោយ។ ទាំងនោះគឺជាការចេះជួយយកអាសារគ្នា ខ្វល់ពីគ្នា និងចេះគិតពីដំណោះស្រាយរួម។ អ្វីដែលធ្វើឲ្យ ស.ស.យ.ក. ជោគជ័យបានមកដល់សព្វថ្ងៃនេះ គឺសមាជិក សមាជិការម្នាក់ៗដែលបានធ្វើខ្លួនជាជនគម្រូ។ មោទនភាពរបស់ស.ស.យ.ក. គឺសមាជិក សមាជិការបស់យើងម្នាក់ៗ។ បើគ្មានសមាជិក សមាជិការបស់យើងទេ ក៏គ្មានខ្ញុំនៅទីនេះ ហើយយើងក៏មិនអាចទទួលបានការកោតសរសើរ និងទទួលបានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះដែរ»។

ឯកឧត្តម ហ៊ុន ម៉ានី បានផ្ញើសារថា៖ «កម្ពុជាយើងបានឆ្លងកាត់ដំណាក់កាលច្រើនតាមដំណាក់នីមួយៗ៖ ឯករាជ្យជាតិ, រំដោះជាតិ, ការពារជាតិ, កសាងជាតិ, បង្រួបបង្រួមជាតិ, ឯកភាពជាតិ… ហើយតទៅមុខនេះ យើងចាំបាច់ត្រូវឯកភាពទស្សនៈជាតិ ដើម្បីសម្រេចគោលដៅអនាគតកម្ពុជារួមគ្នា សម្រាប់កូនចៅជំនាន់ក្រោយ កាន់តែប្រសើរ»៕