សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារនៃសព ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ

ភ្នំពេញ​៖ សមាជិក-សមាជិកានៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេកឥតឧបមា នៅពេលទទួលដំណឹងថា ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ ជាអនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង នៅថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩។

សារលិខិតរបស់ប្រធានសហព័ន្ធសហភាពអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក ឯកឧត្តម ហ៊ុយ វណ្ណៈ បានផ្ញើរជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលត្រូវជាឪពុកមា(បង្កើត) នៃសព (ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ) បានសម្តែងនូវសមានទុក្ខ ការសោកស្តាយ ស្រណោះ អាឡោះអាល័យ និងក្តីសង្វែកជាពន់ពេក ព្រោះថា មរណភាពរបស់ ឯកឧត្តម នាវនៅ បញ្ញាពិសិដ្ឋ គឺជាការបាត់បង់ក្មួយជាទីស្រលាញ់ ដែលទទួលបានការស្រលាញ់រាប់អានពីគ្រប់មជ្ឈដ្ឋាន ជាសហការីដែលមានទឹកចិត្តទូលំទូលាយ ចេះជួយទុក្ខធុរៈ និងចេះជួយយកអាសារគ្រប់ពេលវេលា។

លើសនេះពីនេះ ក៏ជាការបាត់បង់ថ្នាក់ដឹកនាំវ័យក្មេងមួយរូបប្រកបដោយ ឋាមពល សមត្ថភាព និងប្រាជ្ញញ្ញាណ របស់ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់ រដ្ឋាភិបាលកម្ពុជា ផងដែរ៕

ប្រធានសហព័ន្ធសហភាពអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក និងសហការី ព្រមទាំងសមាជិក សមាជិការ នៃ ស.ស.ស.ក សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នៅនាវ បញ្ញាពិសិដ្ឋ ឆាប់បានយានយកកំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕