ប្រធាន​ ស​.​ស​.​ស​.​ក បង្កើត​គណៈកម្មាធិការ​សារព័ត៌មាន​អន​ឡាញ​កម្ពុជា​ ​ដើម្បីពង្រឹង​តួនាទី​ផ្សព្វផ្សាយ​របស់​សារព័ត៌​មាននៅ​​កម្ពុជា

ភ្នំពេញ​៖​ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ ប្រធាន​ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ប្រកាស​ថា​ ការ​សម្រេច​បង្កើត​ «​គណៈកម្មាធិការ​សារព័ត៌មាន​អន​ឡាញ​កម្ពុជា​»​​ ដើម្បី​ជា​វេទិកា​ប្រមូលផ្តុំ​ចងក្រង​សមាជិក​សារព័ត៌មាន​ ក្នុង​គោលដៅ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​រួមចំណែក​ពង្រឹង​តួនាទី​ផ្សព្វផ្សាយ​របស់​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ការ​សម្រេច​បង្កើត​ «​គណៈកម្មាធិការ​សារព័ត៌មាន​អន​ឡាញ​កម្ពុជា​»​ នេះ​ គឺ​តាម​ភាព​ចាំបាច់​ និង​ស្រប​តាម​បរិបទ​ជាក់ស្តែង​នៃ​ ការ​វិវត្តន៍​បច្ចេកវិទ្យា​ក្នុង​សារព័ត៌មាន​,​ ដើម្បី​បំពេញបន្ថែម​ដល់​អង្គភាព​សារព័ត៌មាន​អន​ឡាញ​នៅ​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​មធ្យោបាយ​គាំទ្រ​នានា​ក្នុង​នោះ​រួម​មាន​៖​ ការ​បណ្តុះបណ្តាល​,​ រក​វិធី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​ការ​ដឹកនាំ​,​ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​,​ ការ​ការពារ​សិទ្ធិ​,​ និង​ការ​លើកកម្ពស់​តួនាទី​នៃ​ការ​ផ្សព្វផ្សាយ​ដែល​មានគុណ​តម្លៃ​ដល់​សង្គម​ជាតិ​ និង​ប្រជាជន​កម្ពុជា​។