ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល តំណាងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផល នៅវត្តថ្មីគ្រើល ខេត្តព្រៃវែង

(ព្រៃវែង)៖ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល តំណាងឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផល នៅវត្តថ្មីគ្រើល ស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
សមិទ្ធផលដែលបានរៀបចំពិធីបុណ្យឆ្លងកាលពីម្សិលមិញនេះ រួមមានព្រះស្រីមហាពោធិ៍ព្រឹក្ស ព្រះចេតិយរួម ខ្លោងទ្វារ រួមទាំងហង្សមួយគូ ដំរីមួយគូ និងរូបព្រះសង្ឃទ្រង់បាត្រ ដែលសាងសង់ដោយថវិកាដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងស្រុក ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។ នៅក្នុងពិធីសម្ពោធសមិទ្ធផលនេះ ក៏បានពិធីរៀបបាត្រជូនព្រះសង្ឃចំនួន ១០៣អង្គផងដែរ។


ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ៃ សំបូរ ក៏បានពាំនាំនូវបច្ច័យចំនួន ៥លានរៀល របស់ ឯកឧត្តម សួស យ៉ារ៉ា និងបានចូលរួមបច្ច័យផ្ទាល់ខ្លួនចំនួន ១លានរៀល ជូនដល់វត្តថ្មីគ្រើលផងដែរ។ ជាមួយគ្នានេះ អ្នកចូលរួមផ្សេងទៀតក៏បានចូលរួមជាបច្ច័យបានសរុបចំនួន ៤លាន ៤សែនរៀល និង ៧០០ដុល្លារអាមេរិក ជូនដល់វត្តផងដែរ។


ឯកឧត្តម ប៉ៃ សំបូរ បានមានប្រសាសន៍ថា សមិទ្ធផលដែលវត្តថ្មីគ្រើលទទួលបាននាពេលនេះ កើតចេញពីស្មារតីប្រណិប័តន៍ចំពោះព្រះពុទ្ធសាសនា។ ជាក់ស្តែង ពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយបានចូលជាសទ្ធាជ្រះថ្លា ដើម្បីចូលរួមកសាងសមិទ្ធផលសំខាន់ៗ ដែលបានផ្តល់ជាប្រយោជន៍ដល់ពុទ្ធសាសនិកនៅទូទាំងខេត្តព្រៃវែង ក៏ដូចជាទូទាំងប្រទេសផងដែរ។ សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាសំខាន់បំផុតនិងមិនអាចខ្វះបាន ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រនៅកម្ពុជា។