រដ្ឋមន្រ្ដីក្រសួងការងារ៖ កម្ពុជា និងចិនអាចអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  ឱ្យ​ក្លាយទៅជាគម្រោងឈ្នះ-ឈ្នះ និងគម្រោងមិត្តភាព នៃខ្សែក្រវាត់មួយ-ផ្លូវមួយ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា កម្ពុជា និងចិនអាច​​អភិវឌ្ឍន៍​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  ឱ្យក្លាយទៅជាគម្រោងឈ្នះ-ឈ្នះ និង​គម្រោងមិត្តភាព នៃ“ខ្សែក្រវាត់មួយ-ផ្លូវមួយ”ដើម្បីរួមចំណែកដល់ការកសាងសហគមន៍​រួម​វាសនាតែមួយប្រកបដោយយុទ្ធសាស្ត្រ រវាងប្រទេសកម្ពុជា និងចិន។ ការលើកឡើងរបស់​ឯកឧត្ដមរដ្ឋមន្រ្ដីនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរ ការបង្កើតសមាគមសភាពាណិជ្ជកម្ម​ចិន-កម្ពុជា ប្រចាំនៅខេត្ដព្រះសីហនុ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅតំបន់សេដ្ឋកិច្ច​ពិសេសខេត្ដព្រះសីហនុ។ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលខិតខំរៀបចំបង្កើតឱ្យបានជា សមាគមសភា​ពាណិជ្ជកម្មចិន-កម្ពុជានៅខេត្តព្រះសីហនុ ដែលតាមរយៈសមាគមនេះ នឹងកាន់តែជួយជំរុញ​ពាណិជ្ជករ និងអ្នកវិនិយោគគិនចិនឱ្យងាយស្រួលថែមទៀតក្នុងការពង្រីកទំនាក់ទំនងធ្វើ​ពាណិជ្ជកម្ម។ ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈការបង្កើតនូវយន្តការសម្រាប់ផ្លាស់ប្តូរព័ត៌​មាន​ទៅវិញទៅមក អំពីបរិយាកាសធុរកិច្ច និងសក្តានុពល ក្នុងការវិនិយោគ ក៏ដូចជា​គោលន​យោបាយ​សេដ្ឋកិច្ច គោលនយោបាយពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជាសម្រាប់​ធ្វើ​ការទាក់ទាញដៃគូ​ចិនដូចគ្នា ក៏ដូចជាទាក់ទាញដៃគូរបរទេស និងអ្នកវិយោគទុនក្នុងស្រុក ដើម្បីសហការគ្នា​ក្នុងការប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ឯកឧត្តម​រដ្ឋមន្រ្ដីបន្ដថា រាជរដ្ឋាភិបាលបន្តខិតខំបង្កើតការងារជូនដល់ប្រជាពលរដ្ឋ ដោយការ​ចាត់​ទុ​ក​ ការងារ​ និងមុខរបរ គឺជាការគាំពារសង្គមដ៏ ប្រសើរបំផុត បានផ្តល់លទ្ធភាព​ឱ្យ​កម្ពុជា​អាច​បង្កើត​កា​រ​ងា​រ​​បាន   ​កា​ន់​តែច្រើន​សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន​ដែលដល់​អាយុធ្វើការក្នុង​ចំនួន​ដ៏​ច្រើ​​ន​ក្នុងមួយ​ឆ្នាំៗ និងកម្លាំងពលកម្មដែលបាន ចាកចេញ​ពីវិស័យ​កសិកម្ម​ទៅវិស័យឧស្សាហកម្ម និងសេវាកម្ម។

ជាក់ស្តែងឆ្នាំ២០១៨កន្លងទៅនេះ   វិស័យការងារបន្តអភិវឌ្ឍរីកចម្រើន      អត្រាមាន​ការងារធ្វើ​ ៩៩.៣ភាគរយ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជី​នៅ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនសរុប​ជាង១២.០០០ គ្រឹះស្ថាន និងមាន​កម្មករ និយោជិតសរុបចំនួនជិត១លាន៥សែននាក់, សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ច​ក្រៅប្រព័ន្ធសរុបមានចំនួនជិត៦សែន មានកម្មករចំនួនជាង ២លាន ៤សែននាក់, វិស័យ​កសិកម្មប្រមាណជាង ៤លាននាក់, ពលករធ្វើការនៅ​ក្រៅប្រទេសមានចំនួនប្រមាណ ១លាន ២សែននាក់ និងមន្រ្តីសាធារណៈចំនួនប្រមាណជាង ៥សែន នា​ក់​​​។

ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា ដើម្បីជួយដល់វឌ្ឍនភាព របស់សហគ្រាស គ្រឹះស្ថាន ឬក្រុមហ៊ុន រាជរដ្ឋាភិបាលបានខិតខំបន្តផ្តល់សេវាសាធារណៈកាន់តែប្រសើរ តាមរយៈការ​កាត់បន្ថយបែបបទ នីតិវិធី និងពេលវេលា រួមទាំងខិតខំក្នុងការជំរុញនូវផលិតភាព​ការងារ​របស់ប្អូនកម្មករនិយោជិត ព្រោះថាកាលណាក្រុមហ៊ុនទទួលបានផលចំណេញច្រើន និងកាន់ តែរីកចម្រើន។ ដូច្នេះ​កម្មករនិយោជិត ក៏អាចទទួលបាននូវភាគលាភ, គោលការណ៍ លើក​ទឹកចិត្ត, ការគាំពារសង្គម និង​ការបែងចែកផល​ចំណេញត្រឡប់មកវិញកាន់ តែប្រសើរ ហើយ ជាយថាហេតុនឹងជំរុញឱ្យភាគីកម្មករនិយោជិត​កាន់តែមានស្មារតី ទទួលខុសត្រូវការងារ និង​បង្កើតស្នាដៃថ្មីៗថែមទៀត ដើម្បីបន្តនិរន្តរភាពនៃ​ការរីក​ចម្រើនក្នុងក្រុមហ៊ុន និងការបន្ត​មាគ៌ា​អាជីពរបស់ខ្លួនបានយូរអង្វែង​ក្នុងការងារដែលខ្លួន​កំពុងតែបំពេញ។

ឯកឧត្ដមបានកត់សម្គាល់នូវមោទនភាពណាស់ជាមួយនឹងការរីកចម្រើន របស់តំបន់​សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលពីមុនជាតំបន់គ្មានមនុស្សរស់នៅ ហើយជាកន្លែង​សមរភូមិប្រយុទ្ធកាលពីសម័យសង្គ្រាម ទៅជាជាតំបន់សេដ្ឋកិច្ចពិសេសតែមួយ​គត់ដែលរដ្ឋាភិ​បាលចិន និងរាជរដ្ឋាភិបាលកម្ពុជាដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ដើម្បីផ្តល់ការ​គាំទ្រ និងជួយជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ។  លើសពីនេះទៀត តំបន់សេដ្ឋ​កិច្ចពិសេសនេះបានក្លាយទៅជាសួនឧស្សាហកម្មមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អពេញ​លេញ​សម្រាប់ការរស់នៅ និងផលិតកម្មរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ិត សំហេង ក៏បានអំពាវនាវដល់បណ្តា​វិនិយោគិន​ទាំង​អស់ សូមចូលរួមអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋាននានាដែលបានដាក់ចេញឱ្យបានត្រឹមត្រូវ សំដៅពង្រឹងនូវសុខុដុមនីយកម្មក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយនិរន្តរភាព។ ក្នុង​នាម​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ឯកឧត្ដមក៏បានបង្ហាញនូវការបេ្តជ្ញា  បន្ត​ជួយ​​ជ្រោមជ្រែង សម្របសម្រួល និងពិនិត្យដោះស្រាយនូវបញ្ហានានា ដើម្បីធានាថាក្រុមហ៊ុនអាជីវ កម្ម ពាណិជ្ជកម្ម និងវិនិយោគទាំងអស់បន្តបាននូវភាពរីកចម្រើន របស់ខ្លួន ហើយថែម​ទាំងកៀរគរបានថែមទៀតនូវដៃគូរថ្មីៗទៀត ស្របតាម “យុទ្ធសាស្ត្រចតុកោណ” របស់រាជ​រដ្ឋាភិ​បាលកម្ពុជា និងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់មួយ-ផ្លូវមួយ”។

ឯកឧត្ដម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា​ តាមរយៈការ​បង្កើតសមាគមសភាពាណិជ្ជកម្មចិន-កម្ពុជាប្រចាំនៅខេត្ដព្រះសីហនុនេះ នឹងជួយជំរុញ​ពាណិជ្ជ​ករចិន  និងអ្នកវិនិយោគិនចិនឱ្យកាន់តែងាយស្រួលក្នុងការពង្រីកទំនាក់ទំនងធ្វើ​ពាណិជ្ជ​កម្ម ការបង្កើតនូវយន្ដការសម្រាប់ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក​អំពីបរិយាកាស​ធុរកិច្ច សក្ដានុពលក្នុងការវិនិយោគ ក៏ដូចជាគោលនយោបាយសេដ្ឋកិច្ចក៏ដូចជាគោល​នយោ​បាយពន្ធនៅកម្ពុជា។

ឯកឧត្ដម WANG WENTIAN ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំ​នៅកម្ពុជាបានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មរវាងចិន និងកម្ពុជាគឺជាកិច្ចសហប្រតិបត្តិការ​​ដៃគូ​យុទ្ធសាស្រ្ដ ហើយចិនជាប្រភពវិនិយោគធំទី១នៅកម្ពុជា។ ឯកឧត្ដមបានបន្ដថា កិច្ច​សហប្រតិបត្តិការរវាងចិន និងកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ដែលថ្នាក់ដឹកនាំកំពូល របស់​​ប្រទេសយើងទាំងពីរបានបង្កើត និងបន្តជំរុញកិច្ចសហប្រតិបត្តិការដល់កម្រិត យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ   ដែលតាមរយៈនេះ ក៏បានបន្តលើកទឹកចិត្ត និងជំរុញដល់ពាណិជ្ជករ និង​វិនិយោគិនចិន មកធ្វើធុរកិច្ចនៅកម្ពុជា ស្របទៅតាមគោលនយោបាយ ផ្លូវមួយ ខ្សែក្រវាត់​មួយ របស់ចិន និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្ដព្រះសីហនុបានមានប្រសាសន៍គាំទ្រ​ចំពោះការ​បង្កើតសមាគមសភាពាណិជ្ជកម្មចិន-កម្ពុជាប្រចាំនៅក្នុងខេត្ដព្រះសីហនុ ដែលចាត់ទុកថា ពិត​ជាមានសារៈសំខាន់ក្នុងការដើរតួនាទីជាអ្នកសម្របសម្រួល និងណែនាំឱ្យសហគ្រាសចិន​នៅខេត្ដព្រះសីហនុ ធ្វើសកម្មភាពអាជីវកម្មដោយ​គោរពតាមច្បាប់ និងបទប្បញ្ញត្ដិ​នានា ដោយផ្សាភ្ជាប់ទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់កម្ពុជា និងជាស្ពានសម្រាប់​ទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហ៊ុន សហគ្រាសនៅប្រទេសចិន ឱ្យមកវិនិយោគនៅខេត្ដ​ព្រះសីហនុឱ្យកាន់តែច្រើនថែមទៀត។

បើតាមការលើកឡើងរបស់លោក ចេន ជៀនហ្គេង(CHEN Jiangang) ប្រធានសមាគម​សភាពាណិជ្ជកម្មចិន-កម្ពុជានៅខេត្តព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃតំបន់​​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា ការបង្កើតសមាគមនេះឡើង ក្នុងគោល​​បំណងដើម្បីពង្រឹងការផ្លាស់ប្ដូរ និងសាមគ្គីភាពរបស់ក្រុមហ៊ុនចិននៅក្នុងខេត្ដព្រះសីហនុ និងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមិត្ដភាពជាប្រពៃណី​រវាង​ចិន និងកម្ពុជា។ លោកបានបន្ដថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុបានក្លាយទៅជាសមិទ្ធផលដ៏សំខាន់ និងបានប្រកាន់ភ្ជាប់ និងអនុវត្ដន៍នូវគំនិត​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ ប្រាបីភាគី ដើម្បីបង្កើតទំនាក់ទំនង​ ឈ្នះ ឈ្នះ ជាមួយ​​នឹងម្ចាស់ភាគហ៊ុន បុគ្គលិក អតិថិជន ផ្នែកផ្គត់ផ្គង់ ដៃគូសហប្រតិបត្ដិការ រាជរដ្ឋាភិ​បាល បរិស្ថាន និងសង្គម ជាពិសេសការរួមកសាង​”ខ្សែក្រវាត់​មួយ-ផ្លូវមួយ” រវាងប្រទេសចិន និងប្រទេសកម្ពុជា។ លោកបានបន្ថែមថា បច្ចុប្បន្ននេះ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ដ​ព្រះសីហនុ មានសហគ្រាស ឧស្សាហកម្ម និងសេវាកម្មកើនឡើងដល់ចំនួន១៦៥ ដែលផ្តល់​ឱកាសការងារជិត៣.០០០០កន្លែង ហើយបានក្លាយទៅជាក្បាលម៉ស៊ីនដ៏សំខាន់ក្នុង​ការអភិ​វឌ្ឍ​វិស័យសេដ្ឋកិច្ចរបស់ខេត្ដព្រះសីហនុ៕

ដោយ អ៊ុន រិទ្ធី