សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារជាមួយគ្រីស្ទបរិស័ទជាង ៣០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នេះ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធិពិសាភោជនាហារជាមួយប្រជាពលរដ្ឋខ្មែរជាមួយគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនា មានចំនួនសរុប ១១៤,៤០២ នាក់។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជា មួយគ្នា វៀរចាកផុតពីការ រើសអើង ប្រកាន់ពូជ សាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរាយ អំពើហឹង្សាផ្សេងៗ ទាំងនៅ ក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គម ជាតិទាំងមូល។
បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បច្ចុប្បន្នគ្រីស្ទបរិស័ទ ក៏បានចូលរួមសកម្មភាពសង្គមជាច្រើនតាមរយៈសកម្មភាពអប់រំ មនុស្សធម៌ សិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល តាមរយៈអង្គការ សមា គម ដូចជា ជួយសាងសង់សាលារៀន ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ កាដូក្តីស្រឡាញ់ដល់កុមារ ក្មេងកំព្រារ ចាស់ជរាជាដើម ៕