ឯកឧត្តម សាយ សំអាល់ សំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិនិទ្ទេស “A” និង B

AKP ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ​– រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីសំណេះ សំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស “A” នៅវិទ្យាល័យ ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃ សៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០១៨- ២០១៩ ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងសរុប ១.៥៧០នាក់ ស្រី ៧៥០ នាក់ ប្រឡងជាប់ ១.២២៤នាក់ ស្រី ៦០៥នាក់ ស្មើរនឹង ៧៧.៩៦ភាគរយ ។ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេ​ស​ចំនួ​ន​A១៣នាក់ ស្រី ៦នាក់ , សិស្សនិទ្ទេសB ៤៧នាក់ ស្រី ២៧នាក់ , និទ្ទេសC  ៨៥នាក់ ស្រី ៤៩នាក់ , និទ្ទេសD  ២២១ នាក់ ស្រី ១២០នាក់ និងនិទ្ទេសE ៨៥៨នាក់ ស្រី ៤០៣នាក់ ។ ហើយគ្រឹះ ស្ថានសិក្សាមានសិស្សប្រឡងទទួលបាននិទ្ទេសA មានចំនួន៥ក្នុងនោះវិទ្យាល័យក្រុងព្រះសីហនុ មាន​និទ្ទេស A  ,៥នាក់ ស្រី ២នាក់ , វិទ្យាល័យជីវិតចំនួន ៣នាក់ ស្រី , វិទ្យាល័យហ៊ុនសែនមិត្តភាពចំនួន ២នាក់ ប្រុស , វិទ្យាល័យហ៊ុន សែនវារេញ ២នាក់ ប្រុស និងវិទ្យាល័យហ៊ុនសែនព្រៃនប់ ០១នាក់ ស្រី ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំម​ន្ត្រី​ការិ​យាល័យជំនាញ គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជ​នបា​នខិត​ខំ​បង្ហា​ត់បង្រៀនក្មួយៗសិស្សជ័យលាភីក្នុងសម័យប្រឡង១៩ សីហា ២០១៩ បានទទួលលទ្ធ​ផល​ល្អយ៉ាងត្រចេះត្រចង់ ក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ពិសេ​ស​ក្នុង​ពេ​ល​​ដែលប្រទេសកម្ពុជាឈានចូលជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយ​បន្ត​ឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមចក្ខុវិស័យវែងឆ្ងា​យរបស់រាជ​រដ្ឋាភិ​បា​ល​។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូល​ដ្ឋាន​ខេត្ត​ព្រះ​សីហនុ ធ្វើការសំណេះសំណាល ជាមួយសិស្សប្រឡងជាប់និទ្ទេស A និងB បញ្ជាក់ថា ក្នុង​នាម​ក្រុម​កា​រ​ងារថ្នាក់ជាតិ ថ្នាក់ខេត្តសូមចូលរួមអបអរសាទរសិស្សានុសិស្សជ័យលាភី នេះជា​ជោគ​ជ័យ​ក្នុង​ជីវិ​តព្រមទាំងចូលរួមរីករាយចំពោះមាតាបិតា អាណាព្យាបាលសិស្ស និងបានវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការ ពិសេសមន្ត្រីអប់រំ ដែលបានជួយបំប៉នដល់សិស្សានុសិស្ស បង្កលក្ខណៈងាយស្រួលក្នុងការសិក្សា ចូល​រួម​ចំ​ណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ចូលរួមកសាង និងអ​ភិវឌ្ឍ​ធន​ធាន​មនុ​ស្សនៅខេត្តព្រះសីហនុ ដូច្នេះប្អូនៗជាជ័យលាភីសិស្សនិទ្ទេស A និង B ត្រូវ​ខិតខំសិក្សាបន្ថែ​មទៀ​ត​នៅ​​ថ្នាក់ឧត្តមសិក្សា ត្រូវចាប់យកឱកាសដែលខេត្តព្រះសីហនុកំពុងត្រូវការនាពេលបច្ចុប្បន្ន ដើម្បីធានា​និ​រ​​ន្តរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញឱ្យមន្ត្រីអប់រំខេត្តព្រះសីហនុ បង្កើតចលនាប្រឡង​ប្រណាំង​គ្រូគំរូ សាលារៀនគំរូ និងការប្រឡងប្រណាំងតាមសាលានីមួយៗផងដែរ ដើម្បីពង្រឹងគុណភាពសិក្សា ស្រ​ប​តាមចក្ខុវិស័យរបស់ក្រសួងអប់រំ និងរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនោះឯកឧត្តមក៏បានចែករង្វាន់សិស្សជ័យលាភីនិទ្ទេសA ១៣នាក់ ក្នុងម្នាក់​ទទួល​បាន​ម៉ូតូ ០១គ្រឿង និងថវិកា១.០០០ ដុល្លារ  , ដោយឡែកសិស្សនិទ្ទេស B ក៏បានទទួលបណ្ណសរសើរលើក​ទឹក​ចិត្ត ,និងផ្តល់លិខិតសរសើរដល់សាលាមានសិស្សប្រឡងជាប់និទ្ទេសAនិងថវិកាមួយចំនួនផងដែរ ៕

ដោយ ងូ សុមុនី