លោក Nayan Chanda ស្ងើចសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃតី១២ ខែតុលា ឆ្នាំ២០១៩ —

លោក Nayan Chanda អ្នកសារព័ត៌មាន និងជាអ្នកនិពន្ធល្បីឈ្មោះជនជាតិឥណ្ឌា បា​ន​សម្ដែ​ងនូវការស្ងើចសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សដែលមិនអាចនឹកស្មានដល់​រ​ប​​ស់កម្ពុជា ក្រោមការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា។

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ក្នុងខណៈ​អ​ញ្ជើ​​ញមកបំពេញទស្សនកិច្ចនៅកម្ពុជានោះ លោក Nayan Chanda បានសម្ដែងនូវ​ការកោ​ត​ស​រ​សើរ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើនលូតលាស់របស់កម្ពុជា បន្ទាប់ពីលោក​អ​វត្ត​មានជាង១០ឆ្នាំពីប្រទេសកម្ពុជា។ លោកក៏បានរំម្លឹកដែរថា រូបលោកធ្លាប់​បានស្គាល់សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី តាំងពីដើមឆ្នាំ១៩​៧​៩កន្លងមកម្ល៉េះ ហើយលោកក៏សូមស្ងើចសរសើរ​ចំ​ពោះ​​ការដឹ​កនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមិនអាចនឹកស្មានដល់ថា បាន​ដឹ​ក​នាំ​កម្ពុជា ទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ។ទន្ទឹមនឹងនេះដែរ បច្ចុប្បន្នកម្ពុជាកំពុង​រៀបចំខ្លួន​ក្នុង​ដំ​ណាក់កាលសវត្សរ៍ទី២១ ដោយធ្វើយ៉ាងឱ្យមានការរីកចម្រើនថែមទៀត ដើម្បីប្រឈម​និង​បញ្ហា​ថ្មីៗជាច្រើន ជាពិសេសគឺកំណើនប្រជាពលរដ្ឋ ការបង្កើនការងារសម្រាប់ប្រជាពលរដ្ឋ និ​ង​​ការទាក់ទាញវិនិយោគបរទេស។

ឯកឧត្ដម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណ​យ៉ាង​ជ្រា​លជ្រៅចំពោះ Nayan Chanda ហើយបានបញ្ជាក់ថា ការទាក់ទាញអ្នកវិនិយោគ​បាន​ល្អ​រប​ស់​កម្ពុជា គឺដោយសារកម្ពុជាបានបង្ហាញពីសក្ដានុពល  ការលើកទឹកចិត្ត និងការរៀបចំនូវ​បែ​ប​​​​បទលក្ខខណ្ឌបានល្អ ព្រមទាំងភាពអំណោយផលនៃបរិយាកាសវិនិយោគ​សម្រាប់​វិនិយោគិន​ប​រទេសជា និងធុរជនជាដើមនោះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើលោក Nayan Chanda  បោះពុម្ពសៀវភៅដែលលោកសរសេរ ក្រោមចំណងជើងថា “បងប្អូនជាគូស​ត្រូវ​នឹ​ង​គ្នា”ចំនួន ២០ ០០០ ក្បាលបន្ថែមទៀត ។

គួរបញ្ជាក់ដែរថា លោក Nayan Chanda ជាអ្នកសារព័ត៌មានដ៏ល្បីខ្នាតអន្តរជាតិ ហើយ​លោ​កក៏បានធ្លាប់សរសេរសៀវភៅអំពីកម្ពុជា ដែលមានចំណងជើងថា« បងប្អូនជា​គូសត្រូវ​នឹង​គ្នា​ » ហើយលោកក៏ជាអ្នកឯកទេសមួយដ៏សំខាន់ ដោយលោកធ្លាប់បង្រៀននៅ​សាកលវិ​ទ្យា​ល័​យ យែល នៃសហរដ្ឋអាមេរិក ដែលបច្ចុប្បន្ននេះលោកបង្រៀន​នៅសាកលវិទ្យាល័យនៃ​ប្រ​ទេ​​ស​ឥណ្ឌាផងដែរ៕

រូបថត៖ ផែន រតនៈ

ដោយ ជឹម ណារី