ក្រសួងទេសចរណ៍អំពាវនាវដល់ធុរជននិងភ្ញៀវទេសចរចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលកម្ពុជានឹងប្រារព្ធនៅពេលខាងមុខ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រទេសកម្ពុជាអំពាវនាវដល់ធុរជនចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលកម្ពុជា នឹង ប្រារព្ធនៅពេលខាងមុខដើម្បីបង្ហាញពីការលើកកម្ពស់ និងគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចំរើន។

ក្នុងពិធីលៀងសាយភោជន៍ ក្រោយការបើកសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ នៅសណ្ឋាគារសុខាភ្នំពេញ នារាត្រីថ្ងៃទី១១ ខែតុលានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា កម្ពុជានឹងរៀប ចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជាព្រះរាជពិធីបុណ្យុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក , ពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត ,ទិវាសត្វផ្សោតទន្លេមេគង្គនៅខេត្តក្រចេះ, ពិធីបុណ្យកោងកាង នៅសហគមន៍ពាមក្រសោប ខេត្តកោះកុង ,ព្រឹត្តិការណ៍កីឡាពាក់កណ្តាល Maraton នៅខេត្តសៀមរាប ,ការប្រណាំងកង់អន្តរជាតិ នៅខេត្តតំបន់ឆ្នេរ និងរត់ប្រណាំង ប្រវត្តិសាស្ត្រលើភ្នំដងរែកជាដើម។

ឯកឧត្តមថោង ខុន បានអំពាវនាវបន្តជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗឱ្យកាន់  តែទូលំទូលាយដល់គ្រប់ទីផ្សារ និងសូមមេត្តាអញ្ជើញបន្តវិនិយោគ និងធ្វើពាណិជកម្មនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឲ្យកាន់មានឧត្តមភាពលើឆាកអន្តរជាតិ នាពេលអនាគត។

ឯកឧត្តមបន្តថា កម្ពុជាមានមរតកវប្បធម៌ដ៏សម្បូរបែប ជាពិសេសតំបន់ប្រាសាទនានាជាបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ជាផលិតផលដ៏ពិសិដ្ឋ ព្រមជាមួយធនធានធម្មជាតិ ដែលជាកក្តាលីករទាក់ទាញទេសចរមក ពីជុំវិញពិភពលោក កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍផលលិតផលទេសចរណ៍នៅតាម  គោលដៅសំខាន់ៗ  ផ្សេងទៀត ទាំងនៅសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ ច្រករបៀងភាគខាងត្បូង និងតំបន់អេកូទេសចរណ៍  នៅភូមិភាគឦ សាន និងភូមិភាគនិរតីដែលមានព្រៃកោងកាងដ៏ស្រស់បំព្រង និងធំជាងគេនៅអាស៊ីអាគ្នេយ៍។ បន្ថែមពីនេះ កម្ពុជាមានសណ្ឋា គារប្រណីតៗលំដាប់អន្តរជាតិមាន និងមានហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក៏កាន់តែប្រសើរឡើង តភ្ជាប់មកកាន់រាជធានីភ្នំពេញទៅកាន់តំបន់សៀមរាបអង្គរ និងខេត្តព្រះសីហនុតំបន់ឆ្នេរ សមុទ្រកម្ពុជាបានយ៉ាងងាយស្រួល ៕