សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសតំបន់អឺរ៉ុបចំនួន៣

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា សម្ដេច នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសតំបន់អឺរ៉ុបចំនួន៣ ដែលក្នុងនោះមាន សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារីនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា សប្តាហ៍ទី២នៃការវាយកូនគោលឡើងវិញ បន្ទាប់ពីគ្រេចស្មាស្តាំឃើញថាអ្វីៗគ្រប់យ៉ាងបានវិលត្រឡប់មកដូចដើមវិញហើយ។ កម្លាំងវាយចម្ងាយមិនថមថយឡើយហើយខ្ញុំអាចដើរលើវាលស្មៅបានច្រើនទៀតផង។ អ្វីដែលចម្លែកគឺធាតុអាកាស ពេលដែលយើងមិនមកវាយមិនមានភ្លៀងទេ តែពេលដែលយើងមកវាយមានភ្លៀងរលឹមតិចៗតែក៍ល្អសម្រាប់វិស័យកសិកម្មរបស់ប្រជាកសិករយើងដែរ។ សម្ដេចតេជោបានបន្តថា  ថ្ងៃស្អែកខ្ញុំសូមលាបងប្អូនជនរួមជាតិដើម្បីដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសឆែក ចូលរួមប្រជុំអំពីទឹកនៅប្រទេសហុងគ្រី និងចុងក្រោយទស្សនកិច្ចនៅប្រទេសប៊ុលហ្ការី។ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

គួរបញ្ជាក់ដែរថា បើតាមកម្មវិធីដែលបានគ្រោងទុក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីនៅតំបន់អឺរ៉ុប ដែលក្នុងនោះមាន សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ៕

ដោយ ជឹម ណារី