ឯកអគ្គរដ្ឋទូតកាណាដាបញ្ចប់អាណត្តិការទូត ជម្រាបលា សម្ដេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ —

លោកជំទាវ Domica Pottie ឯកអគ្គរដ្ឋទូតកាណាដាដែលបញ្ចប់អាណត្តិការទូតនៅ​កម្ពុ​​ជា ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​ក​ម្ពុ​ជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នារសៀលថ្ងៃសុក្រ ១៣កើត ខែ​អ​ស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន​ក្រោ​យ​ជំនួបនោះថា លោកជំទាវ Domica Pottie បានសម្ដែងនូវក្តីរីករាយដែលបានជួបពិភាក្សា​ការ​ងា​រ​ជាមួយនឹងសម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវ​បានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជាចំនួន២អាណត្តិហើយ ដែលក្នុង​អាណ​ត្តិ​​ទី១ ពី ២០០៤-២០០៧ និងអាណត្តិទី២ ពី២០១៦-២០១៩។ លោកជំទាវបានបន្តថា កម្ពុជា និង​កាណាដាមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយៗ​ក៏បានចូលរួមក្នុងកិច្ចការជាច្រើន​ជា​មួយ​ប្រទេសកម្ពុជាផងដែរ។លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្តសម្រាប់​ទំនាក់ទំនងរ​វា​ង​​​ប្រ​ទេស​ទាំង​ពីរ និងបានកោតសរសើរ​ចំពោះ​ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការ​ដឹ​ក​​នាំ​របស់​សម្ដេចតេជោ ជានាយក​រដ្ឋ​ម​ន្ត្រី​។

សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា កាណាដាបានដើរតួនា​ទីយ៉ាង​សំ​ខាន់​​ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងចូ​ល​រួមក្នុងវិស័យសំខាន់ៗជាច្រើនទៀត ដូចជា ការវិនិយោគ ពាណិជ្ជកម្ម ការបោសសម្អាត​មីន​វិស័​យធនាគារ និងអប់រំជាដើម។ សម្រាប់ទំហំពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាវិញ​ជាង​១ពាន់លានដុល្លារអាម៉េរិក ដែលផលិតផលរបស់កម្ពុជានាំចេញ​ទៅកាន់ប្រទេសកា​ណា​ដា ​ភា​គ​​​ច្រើ​ន​នោះគឺជាសម្លៀកបំពាក់។ត្រង់ចំនុចនេះ លោកជំទាវឯកអគ្គរដ្ឋទូត​ក៏បានកោតសរសើរ​ចំពោះ​រាជ​រដ្ឋា​ភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែល​ប​ម្រើ​ការងារលើវិស័យឧស្សាហកម្មនេះ។ ជាពិសេសការផ្ដល់នូវតម្រូវការសំខាន់ដល់កម្មករ ដូចជា ការគិតគូរពីកន្លែងធ្វើការ ប្រាក់បៀវត្សរ៍ និងរបបគាំពារសង្គមជាដើម ជាពិសេសស្ត្រី​ដែ​ល​មាន​ផ្ទៃ​ពោះនោះ។

លោកជំទាវក៏បានកោតសរសើរ​ប្រទេសកម្ពុជាដែលទាក់​ទង​ទៅនឹង​ការប​ង្កើន​ក​​ង​កម្លាំងថែរក្សាសន្តិភាព មួកខៀវទៅកាន់បណ្ដាប្រទេសនានា ដែល​ជាការរួមចំ​ណែក​យ៉ា​ង​​សំខាន់ក្នុងការថែរក្សាសន្តិភាពទៅកាន់ប្រទេសផ្សេងៗ ជាពិសេសការបង្កើន​ចំនួនស្ត្រីទៅចូល​រួមនៅក្នុងកងកម្លាំងមួកខៀវថែរក្សាសន្តិភាពនោះ។  សម្ដេចតេជោ ក៏បានមានប្រសាសន៍ដែរ​ថា ​​កា​ល​ពីមុន​កម្ពុជាទទួលកងកម្លាំងមួកខៀវពីប្រទេសក្រៅ ​ក៏ប៉ុន្តែឥឡូវនេះកម្ពុជា​បញ្ជូន​ក​ង​ទ័ព​​​មួ​កខៀវទៅចូលរួមថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលជាមោទ​ន​ភាព​​មួយសម្រាប់ប្រទេសកម្ពុជាផងដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហាការឃុំខ្លួនរបស់​អតីតមេ​បក្ស​ប្រ​ឆាំ​ង សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ​បញ្ហាអតីតមេបក្ស​ប្រឆាំង​មិន​មែ​ន​ជា​ប់​ឃុំឃាំងទេ គឺស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការហើយកំពុងធ្វើការស៊ើបអង្កេត។ ពេល​ដែល​តុលាការស៊ើបអង្កេតចប់ នឹងបើកសវនាការ ហើយពេលនោះយើងនឹង​ពិនិត្យមើល​លទ្ធ​ភាព​​ជាក់ស្តែង។ សម្ដេចតេជោបន្តថា កម្ពុជាដំណើរការប្រជាធិបតេយ្យរបស់ខ្លួនជាធម្មតា ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨​កន្លង​ទៅនេះ គឺមានបក្សនយោបាយច្រើនណាស់​ដែលបានចូលរួមបោះ​ឆ្នោ​ត ហើយឥឡូវនេះក៏មានបក្សនយោបាយជាច្រើនបានបង្កើតឡើងផងដែរ ដូច្នេះដំណើរ​ការ​​ប្រជាធិបតេយ្យ នឹងធ្វើទៅធម្មតា ប៉ុន្តែកម្ពុជាត្រូវតែអនុវត្តទៅតាមច្បាប់របស់កម្ពុជា ប្រជា​ព​ល​រដ្ឋគ្រប់រូប មិនថាអ្នកនយោបាយទេ ត្រូវតែគោរពរដ្ឋធម្មនុញ្ញ ត្រូវតែគោរពច្បាប់​របស់​ក​ម្ពុ​ជា​ ហើយបញ្ហាសំខាន់គឺសន្តិភាព បើយើងមិនមានសន្តិភាពទេ យើងមិនបាច់និយាយ​ពីបញ្ហា​ផ្សេ​ង​ៗនោះឡើយ ពីព្រោះកម្ពុជាបានឆ្លងកាត់បញ្ហាសង្គ្រាមជាច្រើនមកហើយ។ ត្រង់ចំណុច​នេះ​ លោកជំទាវឯកអគ្គរដ្ឋទូតកាណាដា ក៏បានយល់ស្របទៅនឹងអ្វីដែលជា​ប្រសាសន៍លើក​ឡើ​ង​របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណ​ដ​ល់​លោកជំទាវឯកអគ្គរដ្ឋទូតកាណាដា ដែល​តែងតែឲ្យតម្លៃសម្រាប់ប្រទេសកម្ពុជា និងបាន​មើ​​លឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជារហូតដល់សព្វថ្ងៃនេះ។

លោកជំទាវបានមានប្រសាសន៍ទៀតថា ថ្មីៗនេះយើងបានចុះហត្ថលេខាជាមួយគ្នា ទាក់ទងវិស័យអប់រំជាមួយ នឹងមហាវិទ្យាល័យ ផារ៉ាហ្គន ដើម្បីបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសកាណាដា លោកជំទាវនឹងខិតខំដើម្បីឱ្យមានអាហារូបករណ៍បន្ថែមទៀតសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។

ទាក់ទងទៅនឹងទំនាក់ទំនងនៅលើវេទិកាអន្តរជាតិវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថានឹងគាំទ្របេក្ខភាពរបស់កាណាដាជាសមាជិកមិនអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ខាងមុខ៕

ដោយ ជឹម ណារី