រាជរដ្ឋាភិបាលអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខិតខំជួយប្រជាពលរដ្ឋ ធ្វើការដាំដុះក្រោយរងគ្រោះដោយសារជំនន់ទន្លេមេគង្គ

វិទ្យុជាតិកម្ពុជា៖លោក ថុង សីហា ខេត្តកំពង់ចាម៖

អភិបាលខេត្តកំពង់ចាម មានប្រសាសន៏ថា រាជរដ្ឋាភិបាល បានអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ខិតខំជួយប្រជាពលរដ្ឋ​ដែលរងគ្រោះដោយសារជំនន់ទន្លេមេគង្គ ដោយធ្វើយ៉ាងណាអោយពួកគាត់ ធ្វើការដាំដុះអោយបានទាន់ពេលវេលានិងទាន់​រដូវកាល ខណៈទឹកទន្លេមេគង្គបានចាប់ផ្តើមស្រកចុះជាបណ្ដើរៗហើយនោះ។

ក្នុងពិធីចែកស្រូវពូជ ប្រភេទ សែនក្រអូប ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន ២ស្ថិតក្នុងស្រុកជើងព្រៃកាលពីរសៀលថ្ងៃទី១១ខែតុលា ឆ្នាំ២០១៩ ២០១៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវអោយប្រជាកសិករទាំងអស់ក្រោយពីទទួលបានស្រូវពូជត្រូវខិតខំប្រឹងប្រែងធ្វើការដាំដុះឡើងវិញអោយបានទាន់ពេលវេលាក្នុងនោះត្រូវចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីសុវត្ថិភាពភូមិឃុំរបស់បងប្អូន។ ម្យ៉ាងទៀតត្រូវថែរក្សាសុខភាពរស់នៅអោយបានល្អដោយប្រកាន់ខ្ជាប់នូវមានអនាម័យជាប្រចាំប្រសិនបើមានបញ្ហាសុខភាពកើតឡើងត្រូវទៅរកការព្យាបាលនៅមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន។
ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទិវាពិសារអំបុក ៩វិច្ឆិកាដើម្បីការពារជាតិ សាសនា ព្រមហាក្សត្រ។
លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃបានអោយដឹងថាឃុំព្រៃចារនិងឃុំសូទិព្វ បានរងការខូចខាតផលដំណាំស្រូវដោយសារទឹកជំនន់ចំនួន៤២ហិកតាដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋ១០១គ្រួសារ។លោកអភិបាលស្រុកបានអោយដឹងទៀតថាចំពោះលទ្ធភាពដែលអាចស្តារឡើងវិញមានតែស្រូវស្រាលចំនួន៤២ហិកតាប៉ុណ្ណោះ ។
សូមបញ្ជាក់ថាស្រូវពូជ ប្រភេទសែនក្រអូប ដែលចែកជូនដល់ប្រជាពលរដ្ឋចំនួន១០១គ្រួសាររស់នៅក្នុង ឃុំសូទិព្វ និងឃុំព្រៃចារ ស្រុកជើងព្រៃ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន៥០គីឡូក្រាម៕