ក្មេងស្រី​ជនបទ​ម្នាក់​នៅកម្ពុជា​ ដើរ​តួនាទីជំនួស​​​ឯកអគ្គរាជទូ​ត​ស៊ុយអែត

 វិទ្យុជាតិកម្ពុជា៖ លោកចេម  ហួត

ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩៖ ថ្ងៃនេះ ស្រី​ភា អាយុ១៥ឆ្នាំ មកពី​ខេត្ត​ស្ទឹង​ត្រែង​ បាន​​ដើរ​តួនាទីជា​​​ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសអបអរ​ទិវា​ក្មេងស្រី​អន្តរជាតិ​។ ​រៀបចំឡើង​ដោយ​ស្ថានទូត​ស៊ុយអែតប្រចាំនៅព្រះរាជណាចក្រកម្ពុជា​ និង​អង្គការ​ភ្លែនអន្តរជាតិកម្ពុជា កម្មវិធី​ “ក្មេងស្រីកាន់​តួនាទី​ជំនួស”​ ដែល​ជាភាសាអង់គ្លេស​ #GirlsTakeover មានគោលបំណងបង្ហាញ​ពី​

សក្តានុពល​​ និង​ភាពជាអ្នក​ដឹកនាំ​របស់​ក្មេងស្រី​ ហើយជាមួយគ្នានេះដែរឆ្លុះបញ្ចាំងអំពី​បញ្ហា​យេនឌ័រ។

 

ស្រីភា និយាយថា៖ “​ក្នុង​សហគមន៍របស់ខ្ញុំ ក្មេងស្រី​ប្រឈម​នឹង​បញ្ហា​ជា​ច្រើនដូចជា ​ការ​រៀបការ​វ័យ​ក្មេង ការ​បោះបង់ការ​សក្សា ផ្នត់គំនិត​យេនឌ័រ​អវិជ្ជមាន​ និង​កង្វះ​បុគ្គលគំរូ​សម្រាប់​ក្មេងស្រី។ ការ​រៀបការ​វ័យក្មេង​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ជាង​គេ​ដែលខ្ញុំ​ចង់​ដោះស្រាយ​​។”

 

ស្រី​ភា បន្ថែមទៀតថា “កម្មវិធីក្មេងស្រីកាន់​តួនាទី​ជំនួស​ ​ផ្តល់​ឱកាសឱ្យនាងខ្ញុំបាន​​ពិភាក្សា​ពី​បញ្ហាការ​រៀបការ​វ័យក្មេង​ជាមួយ​ស្ថានទូតស៊ុយអែត។ ខ្ញុំ​ចង់​ដឹង​ពីវិធានការ​នានាក្នុងការបញ្ឈប់​​ការ​រៀបការ​វ័យ ក្មេង​ដើម្បី​​ឱ្យក្មេងស្រី​អាច​សម្រេច​សក្តានុពល​របស់ខ្លួនបានពេញលេញ។​​”

 

កម្មវិធីក្មេងស្រីកាន់​តួនាទី​ជំនួស គឺជា​ចលនា​សកលមួយ​ដែលអំពាវ​នាវ​ឱ្យមានការ​ផ្លាស់ប្តូរក្នុង​សង្គម​ និងនយោបា​យសំដៅ​លុប​បំបាត់​ឧបសគ្គ​នានា ការ​រើសអើង និង​ភាពលម្អៀង​ដែល​នៅ​តែ​រាំង​ស្ទះដល់វឌ្ឍនភាពរបស់ក្មេងស្រី។ តាមរយៈចលនានេះ ក្មេងស្រី​​ទទួលបាន​ឱកាស​នានា​ដែល​ពួកគេ​មិនសូវ​បាន​ឃើញ ឬ​ស្តាប់លឺ ហើយ​វា​បង្ហាញយ៉ាង​ច្បាស់​ថាពួកគេ​មានសិទ្ធិ​ចាប់​យក​ក្តី​ស្រមៃ​របស់ខ្លួន​ដោយ​មិនមាន​ភាព​ភ័យខ្លាច​អ្វី​ឡើយ​។​

 

លោក Samuel Hurtig ភារៈធារី​ស្ថានទូតស៊ុយអែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និយាយថា៖ “ការ​កាន់​​តួនាទីជំនួស​​របស់ស្រីភានៅក្នុងស្ថាន​ទូតស៊ុយអែត គឺជា​ឱកាសមួយ​ឆ្លុះបញ្ចាំង​ពី​សិទ្ធិ​របស់ក្មេងស្រី​ដែល​ជា​​ផ្នែកមួយ​នៃ​គោលនយោបាយ​ការ​បរទេស​ស្តីពី​ស្ត្រីនិយម​របស់ប្រទេស​ស៊ុយ​អែត​ និង​ការ​លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ​។ តាមរយៈ​ការ​កាន់​​តួនាទីជំនួសអ្នកដឹកនាំនេះ ស្រីភា​អាច​លើកឡើងពី​បញ្ហា​របស់ក្មេងស្រី​នៅក្នុង​សហគមន៍​របស់ខ្លួន​ដើម្បីធានាថា តម្រូវការ និង​សិទ្ធិរបស់ពួកគេ​មិនត្រូវ​បាន​គេ​មើលរំលង។ នៅពេល​​ក្មេងស្រី​ដូចជា ស្រីភា ទទួលបាន​ឱកាស​ស្មើភាព​ក្នុងជីវិត​ដូច​អ្នកដទៃ នោះនាងនឹង​អាច​ផ្លាស់ប្តូរ​ជីវិត​ និងសហគមន៍​របស់ខ្លូន​ តាមរយៈការ​ចូលរួម​បង្កើត​ពិភពមួយដែលកាន់តែមានភាព​ល្អប្រសើរ​សម្រាប់មនុស្សគ្រប់រូប។​”

 

នៅក្នុង​ប្រទេស​​ស៊ុយអែត​ ប្រទេស​កម្ពុជា​ និង​​​​ប្រទេស​ជាង ៥០ផ្សេង​ទៀត​នៅជុំវិញពិភពលោក មាន​ក្មេងស្រីរាប់រយ​នាក់​កំពុងកាន់​តួនាទីជំនួសអ្នក​​ដឹកនាំក្នុង​វិស័យ​អាជីវកម្ម នយោបាយ​ ប្រព័ន្ធផ្សព្វផ្សាយ​ និង​​កំសាន្ត​ ដើម្បី​ទាមទារ​ឱ្យក្មេងស្រីទទួលបានសិទ្ឋិអំណាចក្នុងការសម្រេចចិត្តនូវអ្វីដែលប៉ះពាល់ដល់ជីវិតពួកគេ សេរីភាពក្នុងការបញ្ចេញមតិយោបល់ដោយមិនមានការភ័យខ្លាច និង​ឱ្យមានការផ្សព្វផ្សាយបែបវិជ្ជមានពីក្មេងស្រី។ ។

 

ក្មេងស្រី និងស្រ្តីវ័យក្មេង នៅប្រទេសកម្ពុជា កំពុងប្រឈមវិសមភាពយេនឌ័រទាំងនៅផ្ទះ សហគមន៍ និងកន្លែងធ្វើការ។ ពួកគាត់មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងផ្នែកសេដ្ឋកិច្ច មិនសូវបានចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តសាធារណៈ និងចូលរួមក្នុងកិច្ចការនយោបាយ ក៏ដូចជាប្រឈមនឹងអំពើហិង្សាផ្លូវកាយ និងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។

 

លោកស្រី គ្វីននេត វ៉ង (Gwynneth Wong) នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា៖ “ក្មេងស្រីនៅ​ទូទាំង​ពិភពលោកកំពុង​ប្រឈម​នឹង​ឧបសគ្គធំៗជាច្រើន​​ក្នុង​ការ​អភិវឌ្ឍខ្លួន និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន។ ជា​ញឹកញាប់ ក្មេងស្រី​គ្មាន​អំណាច​លើ​ការ​សម្រេច​ចិត្ត​ ឬ​ជម្រើសរបស់ខ្លួនឡើយ។ ​នៅពេលដែលក្មេងស្រី​មានឱកាស​និយាយ និង​ដើរតួនាទីជាអ្នកដឹកនាំ ពួកគេ​នឹង​លើកឡើង​យ៉ាងច្បាស់​​ពី​គំនិត ក្តី​ស្រមៃ និង​មតិយោបល់របស់ខ្លួន​។”

 

ការ​សម្រេច​បាន​សមភាព​យេនឌ័រ​ គឺជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ

​ចីរ ភាព​ដែល​អនុម័ត​ដោយ​ថ្នាក់ដឹកនាំពិភពលោក​កាលពីឆ្នាំ២០១៥ ហើយ​គោលដៅនេះ​បាន​សន្យា​ផ្លាស់ប្តូរ​ពិភពលោក​ឱ្យបាន​ត្រឹម​ឆ្នាំ២០៣០។ រដ្ឋាភិបាល​ស៊ុយអែត និងអង្គការ​ភ្លែនអន្តរជាតិ​អំពាវ​នាវ​ឱ្យមាន​ការ​បង្កើនការ​វិនិយោគលើ​អំណាច និង​ភាព​ជាអ្នកដឹកនាំ​របស់​ក្មេងស្រី និង​ស្រ្តីវ័យ​ក្មេង​ដើម្បី​បញ្ឈប់ការ​រៀបការ​វ័យក្មេង។

 

អង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានបង្កើតឡើងជាង៨០មកហើយ ក្នុងគោលបំណងប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយដែលលើកកម្ពស់សិទ្ឋិកុមារ និងសមភាពសម្រាប់ក្មេងស្រី។

អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ ២០០២។ ក្នុងនាមជាអង្គការដែលយកចិត្តទុកដាក់លើផលប្រយោជន៍ល្អបំផុតរបស់កុមារ អន្តរាគមន៍របស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កុមារជាង ៣៧២.០០០នាក់ និងគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៩ តាមរយៈកម្មវិធី ៥ សំខាន់ៗ រួមមាន៖ (១)  គាំពារ និងអភិវឌ្ឍន៍កុមារតូច (២)កិច្ចការពារកុមារ (៣) ទឹកស្អាត និងអនាម័យ (៤) អាហារូបត្ថម្ភ និង (៥)ការអប់រំថ្នាក់បឋមសិក្សា  និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះ អង្គការភ្លែនអន្តរជាតិកំពុងធ្វើប្រតិបត្តការនៅក្នុង៩ ខេត្ត-រាជធានី ក្នុងចំណោម២៥ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា៕