ក្រុមបាល់ទាត់កម្ពុជាចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់ ០-១៤  វគ្គជម្រុះជុំទី២ ពូលC នៃ FIFA World Cup

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ — ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះជម្រើសជាតិ អ៊ីរ៉ង់ ដោយលទ្ធផល ០-១៤ នៅក្នុងការប្រកួតកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Azadi Stadium នៃទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ សម្រាប់ការប្រកួតក្នុងពូលC វគ្គជម្រុះជុំទី២ FIFA World Cup។

នៅក្នុងការប្រកួតនៅវគ្គទី១ ម្ចាស់ផ្ទះ អ៊ីរ៉ង់ ធ្វើសម្រេចបាន៧គ្រាប់លើក្រុមភ្ញៀវកម្ពុជា ហើយនៅវគ្គទី២ ម្ចាស់ផ្ទះដែលឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំទ្វីបអាស៊ីនេះ រកបាន៧គ្រាប់ បន្ថែមទៀត សរុប ១៤ ទល់០។ ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជានឹងត្រូវ បន្តនៅប្រកួតទី៤របស់ខ្លួន នាថ្ងៃទី១៥ ខែតុលា ឆាប់ៗនេះ ដោយនឹងបើកកីឡដ្ឋាន របស់ខ្លួន ស្វាគមន៍ក្រុមជម្រើសជាតិ អ៊ីរ៉ាក់ ដែល១ប្រកួតនេះគឺជាប្រកួតបញ្ចប់ជើងទី១ ក្នុងពូលC ដែលមាន៥ក្រុម គឺកម្ពុជា អ៊ីរ៉ាក់ អ៊ីរ៉ង់ បារ៉ែន និងក្រុមហុងកុង។៣ប្រកួតរបស់កម្ពុជា ស្មើ១ប្រកួត ចាញ់២ប្រកួត មាន១ពិន្ទុ ខណៈ២ប្រកួតរបស់អ៊ីរ៉ង់ឈ្នះទាំង២ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងពូលC ដោយមាន៦ពិន្ទុ។

សូមបញ្ជាក់ថា នេះជាលើកដំបូងរបស់កម្ពុជា ដែលបានរបូតគ្រាប់បាល់ច្រើនបែបនេះ ក្រោមការដឹកនាំ របស់លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ និងគ្រូ បង្វឹកលោក Felix G.Dalmas ក្នុងរយៈ ពេលជាង១ឆ្នាំ។ ក្រោយចប់ការប្រកួតកម្ពុជា បានធ្វើ ដំណើរត្រឡប់មាតុភូមិវិញ នៅរាត្រីឈានចូលថ្ងៃទី១១ ខែ តុលានេះ ដើម្បីត្រៀមបើកទ្វារផ្ទះ ទទួលក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី១៥ ខែតុលាខាងមុខ៕

ដោយ ហេង ណាលីន