អង្គការ​ភ្លែន​អន្តរជាតិ​​​​​​ប្រារព្ធ​ទិវាក្មេងស្រី​អន្តរជាតិ១១តុលាដើម្បី​បង្ហាញ​ពី​​​​​សក្តានុពលក្មេ​ងស្រី

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំុពេញ៖ អង្គការភ្លែនអន្តរជាតិចង់ឲ្យក្មេងស្រីសិទ្ឋិធ្វើស្វ័យសម្រេចលើជោគវាសនារបស់ខ្លួនដើម្បីឲ្យក្មេងស្រី បានចូលរួមប្រឡូកក្នុងសកម្មភាពសង្គម។

ថ្លែងក្នុងពិធីប្រគុំតន្ត្រីដើម្បីអបអរទិវាក្មេងស្រីអន្តរជាតិ២០១៩នារាត្រី ថ្ងៃទី១០ ខែតុលានេះ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាលើកឡើងថាយុទ្ធនាការក្មេងស្រីទទួលបានសមត្ថភាពនេះគឺផ្តោតសំខាន់លើការទាមទារ ឲ្យក្មេងស្រីទទួលបានសិទ្ឋិអំណាចក្នុងការសម្រេចចិត្តនូវអ្វីដែលប៉ះពាល់ដល់ជីវិតពួកគេ,ឱ្យក្មេងស្រីមានសេរីភាពក្នុងការបញ្ចេញមតិយោបល់ដោយមិនមានការភ័យខ្លាចនិងមានការផ្សព្វផ្សាយបែបវិជ្ជមានពីក្មេងស្រី។

លោកស្រី ចាត់ទុកថា ក្មេងស្រីនិងក្មេងប្រុសមានសក្តានុពលដូចគ្នាក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះ យុទ្ធនាការក្មេងស្រីទទួលបានសមត្ថភាពនឹងរួមចំណែក​ក្នុងការលុបបំបាត់នូវផ្នត់គំនិតបែបចាស់គំរឹលដាក់បន្ទុកមកលើក្មេងស្រីនិងស្រ្តីវ័យក្មេង ក៏ដូចជាលុបបំបាត់នូវការរើសអើងដោយផ្អែកលើភេទ។

ការជំរុញឱ្យមានការលើកកម្ពស់ក្មេងស្រីនៅក្នុងទិវាក្មេងស្រីអន្តរជាតិ១១តុលានេះ ធ្វើឡើងបន្ទាប់ពីមានទស្សនខ្លះយល់ឃើញថា ភេទស្រីជាភេទទន់ខ្សោយ ការងារមួយចំនួន មិនស័ក្តិសមនឹងក្មេងស្រី ក្មេងស្រីមិនគួររៀនច្រើនព្រោះចុងក្រោយនឹងក្លាយជាប្រពន្ធ ជាម្ដាយ និងជាមេផ្ទះដ៏ល្អជាដើម។

អង្គការភ្លែនអន្តរជាតិកម្ពុជាបានចូលរួមប្រារព្ធទិវាក្មេងស្រីអន្តរជាតិនេះរយៈពេលបីឆ្នាំមកហើយចាប់តាំងពីឆ្នាំ ២០១៦ មក ដោយប្រទេសកម្ពុជា និងប្រទេសជាង៥៥ផ្សេងទៀត នៅទូទាំងសកលលោក មានក្មេងស្រីរាប់ពាន់នាក់ ចូលរួមជាមួយអង្គការភ្លែនអន្តរជាតិដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលរបស់ពួកគេផ្តល់អាទិភាពលើសិទ្ធិរបស់ក្មេងស្រី ជំរុញឲ្យក្មេងស្រី និងស្រ្តីវ័យក្មេងផ្សេងទៀត លើកឡើងពីបញ្ហាដែលពួកគេជួបប្រទះ ចូលរួមក្នុងការធ្វីសេចក្តីសម្រេចចិត្តនិងបោះជំហានធ្វើជាអ្នកដឹកនាំ៕