ក្រុមសិក្ខាកាមស្រ្តីថ្នាក់ដឹកនាំនៅសាលាភូមិន្ទរដ្ឋបាលធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ស្រ្តីជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២រាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ កង មុន្នីរ៉ា១០ ១០ ១៩៖

ក្រុមសិក្ខាកាមស្រ្តីថ្នាក់ដឹកនាំនៅសាលាភូមិន្ទរដ្ឋបាលធ្វើសកម្មភាពមនុស្សធម៌ផ្តល់សម្ភារ​ប្រើ​ប្រាស់ និងទឹកដោះគោតេជោឫស្សីត្រឹបចំនួន៨០លីត្រ ដែលកើតចេញពីការស្រាវជ្រាវរបស់រាជ​បណ្ឌិត្យ​សភាកម្ពុជា ជូនដល់កុមារតូចៗដែលជាប់ឃុំជាមួយម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែទី២។ ការចែកជូនទឹកដោះគោដល់កុមារតូចៗនៅក្នុងមណ្ឌលអប់រំកែប្រែនេះ ធ្វើទ្បើងក្នុងគោលបំណង ដើម្បីផ្តល់នូវប្រូតេអ៊ីនដល់កុមារកង្វះនូវអាហាររូបបត្ថម្ភ ដែលម្តាយគ្មានលទ្ធភាពផ្គត់ផ្គង់អាហារបាន​គ្រប់គ្រាន់នោះ។

ក្នុងដំណើរទស្សនៈកិច្ច ក្នុងវគ្គបណ្តុះបណ្តាលសិក្ខាកាមស្រ្តីថ្នាក់ដឹកនាំនៅសាលាភូមិន្ទរដ្ឋ បាលចូលរួមក្នុងសកម្មភាពសង្គមក្រោមប្រធានបទស្តីពី« ពន្លឺនៃក្តីសង្ឃឹម និង ការងារមនុស្សធម៌» នៅ មណ្ឌលអប់រំកែប្រែទី២ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០១៩ កញ្ញា ម៉ៅ សុគន្ធា តំណាងចែកចាយផលិតផល ទឹកដោះគោ តេជោឫស្សីត្រឹប នៃ រាជបណ្ឌិត្យសភាកម្ពុជា​បានមានប្រសាសន៍ថា ការផ្តល់ជូនទឹកដោះគោដល់កុមារតូចដែលនៅជាប់ឃុំជាមួយម្តាយ​នៅក្នុង​មណ្ឌលអប់រំកែប្រែទី២នេះ គឺជាគោលបំណងរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត្យសភាកម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាលគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និង ជាពិសេសកុមារដែលស្ថិតនៅ​ក្នុង​វ័យ​លូតលាស់។

តាមពិតទៅនេះគឺជាគោលបំណងរបស់ឯកឧត្តមសភាចារ្យ សុខ ទូច ដែលជា​ប្រធាន​​​រាជបណ្ឌិត្យសភាកម្ពុជាចង់ចែកទឹកដោះគោនឹងទៅដល់ក្មេងៗដែលមិនថា នៅសាលាបឋម​សិក្សាមានឪពុកម្តាយ ក៏ដូចជានៅខាងមណ្ឌលកុមារកំព្រា ហើយជាពិសេសលោកក៏ចង់ឱ្យក្មេងៗ​ដែល​មានឪពុកម្តាយជាប់ទោសបែបនេះ លោកគិតថា គាត់មិនសូវមានលទ្ធភាពក្នុងការទិញនៅ​អាហារ​រូបបត្ថម្ភដែលល្អសម្រាប់សុខភាព ក៏ទោះបីពួកគាត់ជាប់នៅក្នុងពន្ធនាគារពិតមែន ប៉ុន្តែគាត់ មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបាននូវអាហាររូបត្ថម្ភដូចក្មេងដទៃទៀតដែរ។

កញ្ញា សុគន្ធា ឱ្យដឹងផងដែរថា ការបរិច្ចាកទឹកដោះគោនេះ ធ្វើទ្បើងប្រមាណ៤០ទៅ៥០ លើក​មក​ហើយ មានសាលាបឋមសិក្សារដ្ឋ និង ឯកជន និង មណ្ឌលកុមារកំព្រាទាំងនៅរាជធានី ភ្នំពេញ និង បណ្តាខេត្តមួយចំនួនទៀតផងដែរ។ សុគន្ធា បន្តថា ទឹកដោះគោតេជោ ឫស្សីត្រឹបនេះ សំបូរ​ដោយប្រូតេអ៊ីន និង កាល់ស្យូមខ្ពស់ គឺទទួលទានបានគ្រប់វ័យ។ សម្រាប់កុមារ ទទួលទាន​ទឹកដោះគោនេះ គឺជំនួយដល់ការលូតលាស់ បំប៉នឆ្អឹង បំប៉នខួរក្បាលមានប្រាជ្ញាឈ្លាសវៃ។ ចំណែកមនុស្សធំវិញ គឺជួយទៅដល់សុខភាពឆ្អឹង ជួយបំប៉នស្បែក សក់ និង ភ្នែក។
កញ្ញា ម៉ៅ សុគន្ធា បានលើកទ្បើងបន្ថែមថា ទឹកដោះគោ តេជោឫស្សីត្រឹប ដែលកើតចេញពីការ​ ស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជានេះ ផលិតទ្បើងក្នុងគោលបំណងជួយដល់ជីវភាពប្រពលរដ្ឋ ការពារសត្វព្រៃ និងក៏ដូចជា បង្ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើផងដែរ។

សូមបញ្ជាក់ថា សម្រាប់ដំណើរទស្សនៈកិច្ច វគ្គបណ្តុះបណ្តាលសិក្ខាកាមស្រ្តីថ្នាក់ដឹកនាំនៅ​សាលាភូមិន្ទរដ្ឋបាលចូលរួមក្នុងសកម្មភាពសង្គមក្រោមប្រធានបទស្តីពី« ពន្លឺ នៃក្តីសង្ឃឹម និង ការងារ​​មនុស្សធម៌»នៅមណ្ឌលអប់រំកែប្រែទី២នេះ ស្រ្តីជាអ្នកដឹកនាំក៏បាននាំយកអំណោយ​មួយ​ចំនួន​​ចែកជូនដល់ជនជាប់ឃុំ មានដូចជា កន្សែងពោះគោសាប៊ូបោកសម្លៀកបំពាក់ សាប៊ូកក់សក់ រួមនឹងរបស់មួយចំនួនទៀត។ បច្ចុប្បន្ន មណ្ឌលអប់រំកែប្រែទី២ មានជនជាប់​ឃុំ ១៨១៦នាក់ ក្នុង​នោះ​​ស្រីមានចំនួន១១២២នាក់។ អនិតិជនមានចំនួន ៧២៧នាក់ ស្រីមាន៣៣នាក់ ។ កូនតាមម្តាយ៤៤នាក់ ស្រ្តីមានផ្ទៃពោះចំនួន២៤នាក់ និង ចាស់ជរាមានចំនួន១៥នាក់៕