សិក្ខាកាមស្រ្តីថ្នាក់ដឹកនាំ និង គណៈគ្រប់គ្រងស្រ្តីសាលាភូមិន្ទ រដ្ឋបាលណែនាំដល់ស្រ្តីជាប់ឃុំកុំឲ្យ អស់សង្ឃឹម

វិទ្យុជាតិកម្ពុជាអត្ថបទ៖ កង មុន្នីរ៉ា ១១ ១០ ១៩៖

ក្រុមសិក្ខាកាមស្រ្តីថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី ក្រុមទី២ នៃវគ្គបណ្តុះ បណ្តាលនៅសាលាភូមិន្ទរដ្ឋបាលប្រមាណជាង២០នាក់ បានរួមគ្នាធ្វើសកម្មភាពការងារសង្គម ក្រោម ប្រធានបទស្តីពី« ពន្លឺ នៃក្តីសង្ឃឹម និង មនុស្សធម៌» តាមរយៈការចុះសួរសុខទុក្ខដល់ស្ត្រី ជាប់ឃុំឃាំង និង បាននាំយក អំណោយមួយចំនួនចែកជូនដល់ស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូច ជាប់ជាមួយ និងស្រ្តីចាស់ជរាចំនួន៩០នាក់ នៅមណ្ឌលអប់រំកែប្រែទី២រាជធានីភ្នំពេញ។
អ្នកយកព័ត៌មានយើងបានរាយការណ៍ឲ្យដឹងថា ការធ្វើសកម្មភាពរបស់ក្រុមស្រី្តជាថ្នាក់ដឹកនាំនេះ បានធ្វើទ្បើងក្នុងគោលបំណង លើកទឹកចិត្តនិងការផ្តល់ ក្តីសង្ឃឹមសម្រាប់ជីវិតពួកគាត់។

ក្នុងដំណើរចុះសួរសុខទុក្ខស្រ្តីជាប់ឃុំឃាំង និង ការចែកអំណោយ ជូនស្រ្តីមានផ្ទៃពោះស្ត្រី មានកូនតូចជាប់ជាមួយ និងស្រ្តីចាស់ជរានៅមណ្ឌលអប់រំកែប្រែទី២(ម.២)សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ លោកស្រី ព្រុំ ទេវី អនុប្រធានវិទ្យស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម នៃ រាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមសិក្ខាស្រ្តីជាថ្នាក់ដឹកនាំទំាងអស់បានផ្តល់ ដំបូន្មានទៅកាន់ស្រ្តីទាំងនោះ ត្រូវអត់ធ្មត់ និង ខិតខំលត់ដំខ្លួនដើម្បី កសាងខ្លួនទៅជាមនុស្សល្អ នៅពេលត្រលប់ទៅកាន់សហគមន៍របស់ខ្លួនវិញ។ លោកស្រីបន្ថែមថា រាជរដ្ឋាភិបាលនៅតែយក​ចិត្ត​ទុក្ខដាក់ចំពោះអ្នកទំាងអស់គ្នា ដូច្នេះសូមកុំអស់សង្ឃឹម ព្រោះក្រុមគ្រួសារអ្នកកំពុងរងចាំអ្នក សង្គមក៏ត្រូវការអ្នក។

​ តាមរយៈនេះខ្ញុំក៏បានប្រាប់ទៅស្រ្តីដែលមានផ្ទៃពោះ ស្រ្តីដែលមានកូនតូចជាប់ទៅ ជាមួយហើយនឹងចាស់ជរាដែលជាពិរុទ្ធជនហ្នឹងអ្វីដែលជាការសង្ឃឹមនឹងគឺថា នៅក្រោមម្លប់នៃការ គ្រប់គ្រងរបស់រាជរដ្ឋាភិបាលយើងគឺថា យើងមានគោលការណ៍បន្ធូបន្ថយទោសដល់ទៅ៣ដង ហើយ កន្លែងនេះថ្វីត្បិតគាត់ជាប់ឃុំមែន ប៉ុន្តែជាក់ស្តែងគ្មានការធ្វើទារុណកម្មអ្វីទេ គឺជាកន្លែងដែល គាត់ត្រូវអាចដុះខាត់គំនិតដើម្បីធ្វើអ្វីដែលជាអំពើល្អ ហើយខ្ញុំក៏បានប្រាប់ទៅពួកគាត់ដែរថាក្រុម គ្រួសារគាត់រងចាំគាត់ ប្រមុខរាជរដ្ឋាភិបាលរងចាំគាត់ដើម្បីពួតដៃគ្នាកសាងប្រទេសយើង ទាំងអស់ គ្នា ហើយប្រមុខរាជរដ្ឋាភិបាលក៏បានមានប្រសាសន៍ហើយថា គាត់មិនទុកអ្នកណាឱ្យចោលទេ គឺយើងរួមគ្នាកសាងប្រទេសបន្តទៅទៀត។

ឯកឧត្តម យក់ ប៊ុនណា នាយករងសាលាភូមិន្ទរដ្ឋបាលមានប្រសាសន៍ថា បងប្អូនកូនក្មួយ ត្រូវខិតខំកែប្រែខ្លួន ហើយត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រពីជំនាញនិមួយៗឱ្យបានច្បាស់ លាស់ តាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់មណ្ឌល និង ត្រូវចេះថែទាំសុខភាព និងអនាម័យ កន្លែងស្នាក់នៅឱ្យបានល្អ អ្នកគ្រប់គ្នាក៏ជាមនុស្សល្អដែរ ដរាបណាអ្នកចេះកែខ្លួន។ ឯកឧត្តមមាន ប្រសាសន៍បន្តថា សកម្មភាពចុះការងារសង្គម ដែលសិក្ខាកាម បានរៀបចំទ្បើងក្រោមប្រធានបទ « ពន្លឺ នៃក្តីសង្ឃឹម និង មនុស្សធម៌» នេះពិតជាល្អ ដែលជាប្រយោជន៍ដ៏សង្គមជាតិ។
អ្នកទាំងអស់នេះក៏ត្រូវទទួលបានការយកចិត្តទុកដាក់ ហើយត្រូវទទួលការលើក ទឹកចិត្ត អញ្ចឹងសកម្មភាពសង្គមនេះ ជាការមួយបង្ហាញពីការយកចិត្តទុកដាក់ពីសិក្ខាកាមយើង ហើយជាការផ្តល់ការគាំទ្រដល់គាត់ ឱ្យគាត់មានទឹកចិត្ត ហើយឱ្យគាត់បន្តនូវការរស់នៅ និង ការខិត ខំកែលំអរខ្លួនធ្វើសមាហរណកម្មក្នុងសហគមន៍នៅពេលក្រោយ។

សូមបញ្ជាក់ថា ក្នុងសកម្មភាពចុះសួរសុខទុក្ខជនជាប់ឃុំ ស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូចនៅ ជាប់ជាមួយ និង ស្រ្តីចាស់ជរា ចំនួន៩០នាក់ នៅមណ្ឌលអប់រំកែប្រែទី២នាពេលនោះ ក្រុមសិក្ខា កាមស្រ្តីថ្នាក់ដឹកនាំនិងគណៈគ្រប់គ្រងជាស្រ្តី បាននាំយកអំណោយមួយចំនួនចែកជូនពួកគាត់ ដោយម្នាក់ៗទទួលបានកន្សែងពោះគោចំនួន១ ម្សៅសាប៊ូបោកសម្លៀកបំពាក់១កញ្ចប់ សាប៊ូកក់ សក់១ដប សាប៊ូដុះខ្លួន១ដុំ ច្រាស១ ថ្នាំដុះធ្មេញ១ អាវ១ ខោ១ នំ១ប្រអប់ ទឹកបរិសុទ្ធ២ដប។ ជាមួយគ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្តល់ជូនទឹកដោះគោស្រស់៨០លីត្រ ដល់ពួកគាត់ ផងដែរ៕