ជប៉ុន អះអាថា នៅតែបន្តគាំទ្រថវិកាជួយដល់សាលាក្តីខ្មែរក្រហម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

 ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា អះអាថា ប្រទេសជប៉ុននៅតែបន្តគាំទ្រដំណើរការសាលាក្តីខ្មែរក្រហមនេះ និងខិតខំប្រឹងប្រែង ផ្តល់ការគាំទ្រថវិកាបន្ថែមទៀត ដើម្បី
ការថ្លែងបញ្ជាក់នេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩នេះ ដើម្បីស្វែងយល់អំពីការរៀបចំនិងដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និង អ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើង ក្នុងរបបខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហមបន្ទាប់ពីបានទស្សនកិច្ចសាលសវនាការ និងធ្វើបទបង្ហាញដោយប្រធានផ្នែកកិច្ចការសាធារណៈ និងបាន វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលបានចូលរួមបំពេញការងារបានយ៉ាងល្អហើយតុលា ការចម្រុះកម្ពុជា-អង្គការសហប្រជាជាតិនេះមិនមែនត្រឹមតែចូលរួមនាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបប ខ្មែរក្រហមទេ ប៉ុន្តែបានចូលរួមផ្តល់យុត្តិធម៌ និងដំណើរការសន្តិភាពសម្រាប់ពិភពលោកទាំងមូល។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងថាសាលាក្តីខ្មែរក្រហមបានដើរតួនាទី យ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកបានដឹងថាមានរឿងអ្វីកើតឡើងពិតប្រាកដនៅក្នុងអតីតកលានៃរបប ខ្មែរក្រហម។ ឯកឧត្តមបានថ្លែងថាបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជាគឺដើម្បីបន្តពង្រឹងកាន់តែខ្លាំងថែម ទៀតនូវកិច្ចសហប្រតិបត្តិការការទូតរវាងជប៉ុននិងកម្ពុជា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងជប៉ុននិងសាលាក្តី ខ្មែរក្រហមក៏ជាកិច្ចការមួយដែលសំខាន់ផងដែរ។ ជប៉ុនក៏បានគាំទ្រលើដំណើរការរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (LDC) ផងដែរ។
ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជាក្នុងនាមជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបាន ជួយប្រទេសកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍជាតិឡើងវិញ ហើយជាពិសេសគឺការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនចំពោះដំណើរការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហមនាំយកយុត្តិធម៌ និងការពិតជូន ដល់ជនរងគ្រោះ។ ឯកឧត្តម មានប្រសាសន៍ថា៖«ការចូលរួមវិភាគទានហិរញ្ញវត្ថុរបស់ជប៉ុន ដើម្បីគាំទ្រដំណើរការរបស់សាលាក្តីខ្មែរក្រហមនាំយកអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នក ទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមកជំនុំជម្រះក្តី គឺពិតជាមានសារៈសំខាន់ និងបានចូលរួមក្នុងដំណើរការនាំ យកយុត្តិធម៌ជូនជនរងគ្រោះ ក៏ដូចជាបានចូលរួមក្នុងការផ្សះផ្សាជាតិ និងពង្រឹងសន្តិភាពនៅកម្ពុជា»។ ឯកឧត្តម ក្រាញ់ តូនី បានជម្រាបជូនឯកអគ្គរដ្ឋទូតជប៉ុនអំពីការវិវឌ្ឍន៍ថ្មីរបស់សាលាក្តីខ្មែរក្រហមទាំងផ្នែកដំណើរការសំណុំរឿង ផ្នែកហិរញ្ញវត្ថុ និងការងារផ្សព្វផ្សាយអំពីដំណើរការតុលាការទៅកាន់សាធារណជន។ ការងារផ្សព្វផ្សាយដែលរហូតមកទល់ពេលនេះ សាលាក្តីខ្មែរក្រហមបានទទួលជោគជ័យយ៉ាងខ្លាំងដោយបានធ្វើការផ្សព្វផ្សាយទាំងក្នុងនិងក្រៅតុលាការ ហើយមានសាធារណជនជិត ៧ សែន នាក់ទទួលបានផល ប្រយោជន៍ពីការងារផ្សព្វផ្សាយនេះ។
សូមបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចាប់ផ្តើមដំណើរការពីដើមខែកុម្ភៈ ឆ្នាំ ២០០៦ ហើយរហូតមកទល់នឹងឆ្នាំ ២០១៩ នេះមានសំណុំរឿង ៤ ចំពោះមុខដែលក្នុងនោះ សំណុំរឿង ០០១ ប្រឆាំងអតីតប្រធានគុកទួលស្លែងត្រូវបានបិទបញ្ចប់ទាំងស្រុងជាមួយការផ្តន្ទាទោសកាំង ហ្កេកអ៊ាវ ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿង ០០២/០១ ប្រឆាំងនឹងនួន ជា និងខៀវ សំផន អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាក់ទងនឹងការជម្លៀសប្រជាជនដោយបង្ខំដោយតុលាការកំពូលសម្រេច ផ្តន្ទាទោស នួន ជា និងខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ សំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយបច្ចុប្បន្ន ខៀវ សំផនកំពុងបន្តនីតិវិធីបណ្តឹងសាទុក្ខប្រឆាំងសាលក្រមសំណុំរឿង ០០២/០១ ខណៈ សំណុំរឿង នួន ជា ត្រូវបានបិទបញ្ចប់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្រោយពី ជនជាប់ចោទ នួន ជា ទទួលមរណភាពកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៩។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងថា គិតរហូតមកដល់ខែមីនា ឆ្នាំ២០១៩ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានទទួលថវិកាវិភាគទាន ពីបណ្តាប្រទេសផ្តល់ជំនួយ មានចំនួនសរុបជិត ៣០៣,៥ លានដុល្លាអាមេរិក ក្នុងនោះ ថវិកាចំនួន ២២១,៤ លានដុល្លាអាមេរិក សម្រាប់ភាគីអន្តរជាតិ និង ៨២,១ លានដុល្លាអាមេរិក សម្រាប់ភាគីជាតិនៃ អ.វ.ត.ក។ លោកបានបន្តឱ្យដឹងថា ប្រទេសជប៉ុនជាម្ចាស់ជំនួយធំជាងគេរបស់សាលាក្តីខ្មែរក្រហមដែលបានផ្តល់វិភាគទានថវិកាចំនួនជាង ៨៧ លានដុល្លាអាមេរិកដល់សាលាក្តីខ្មែរក្រហមក្នុងនោះជាង ៧១លានដុល្លារអាមេរិកជូនដល់ភាគីអន្តរជាតិ និងជាង១៦លានដុល្លារអាមេរិកផ្តល់ដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម៕