រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យមានសកម្មភាពក្នុងសហគមន៍បន្ថែម ខណៈសហគមន៍ជាង១០០ កំពុងទាក់ទាញភ្ញៀវទេសចរ

AKP AKP ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសជំរុញក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ខិតខំប្រែក្លាយសហគមន៍ ដែលមិនទាន់មានសកម្មភាពទេសចរណ៍ទៅជាសហគមន៍ ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបាន តាមរយៈការបញ្ចូលសកម្មភាពទេសចរ ការរុករក និងបង្កើតផលិតផលទេសចរណ៍ថ្មីៗក្នុងសហគមន៍។

ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុមការងារអន្តរ ក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នៅទីស្ដីការក្រសួងទេសចរណ៍។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ទេសចរណ៍បានឱ្យដឹងថា អង្គប្រជុំបានជំរុញលើកទឹកចិត្តឱ្យសហគមន៍នានាខិតខំបញ្ចូលសកម្មភាពទេសចរណ៍ទៅក្នុងមូលដ្ឋានរបស់ខ្លួនមិនថាសហគមន៍នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ឬក្រសួងណាមួយឡើយ។

លោកជំនោរ បានបន្តថា តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយសហគមន៍ ដែលចំណុះក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានចំនួនសរុបជាង២,៣០០កន្លែង ក្នុងនោះសហគមន៍ដែលកំពុងមានសកម្មភាពទេសចរមានចំនួន១២៥កន្លែង។

ក្នុងចំណោមនោះក្រសួងទេសចរណ៍មានសហគមន៍ចំនួន៧៩កន្លែងក្នុងខេត្តចំនួន២០ដែលកំពុងប្រតិបត្តិការក្នុងនាមជាសហគមន៍ទេសចរណ៍, ក្រសួងបរិស្ថានមាន សហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨កន្លែង (២០សហគមន៍មានបញ្ចូល សកម្មភាពទេសចរណ៍)។ ដោយឡែកក្រសួង-ស្ថាប័នផ្សេងៗក៏បានកំពុងធ្វើបច្ចុប្បន្ន ភាពកិច្ចការនេះផងដែរ។

លោកបានបន្ថែមថា អង្គប្រជុំក៏បានជំរុញឱ្យមានការបណ្ដុះបណ្ដាលដល់ប្រជា សហគមន៍នូវស្ដង់ដាបច្ចេកទេសក៏ដូចជាចំណេះដឹងពាក់ព័ន្ធនឹងការទទួលបដិសណ្ឋារកិច្ចនិងការពារសុវត្ថិភាពជូនភ្ញៀវទេសចរបញ្ហាការពារបរិស្ថានការទុកដាក់សំរាមការពង្រឹងគុណភាពសេវាកម្មនិងអនាម័យជាដើម។ បញ្ហាជំរុញការកសាងផ្លូវតភ្ជាប់ទៅកាន់សហគមន៍ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធការតបណ្ដាញទឹកស្អាតបណ្ដាញអគ្គិសនីបណ្ដាញទូរគមនាគមន៍ក៏ត្រូវបានជំរុញយ៉ាងម៉ឺងម៉ាត់នៅក្នុងអង្គប្រជុំផងដែរ។

ដោយឡែកសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និង ធម្មជាតិវិស័យទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមានចំណែកទីផ្សារប្រមាណ៥០ភាគរយ នៃទីផ្សារសរុបហើយទេសចរណ៍តំបន់ឆ្នេរមានចំណែកទីផ្សារប្រមាណ២០ភាគរយ អេកូទេស ចរណ៍ប្រមាណ២០ភាគរយ និងទីផ្សារទេសចរណ៍កីឡា និងកម្សាន្តផ្សេងៗទៀត។

សូមជម្រាបថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍បានរួមចំណែកដ៏សំខាន់ក្នុងការ ទាក់ទាញភ្ញៀវទេសចរពន្យារពេលស្នាក់នៅរបស់ទេសចរនិងចំណូលផ្ទាល់ទៅដល់ប្រជាជនមូលដ្ឋាន។ ជាក់ស្តែងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក(UNWTO) វិស័យទេសចរណ៍ វប្បធម៌ មានចំណែកទីផ្សារប្រមាណ៥០ភាគរយ នៃទីផ្សារទេសចរណ៍ សកលលោកហើយមានកំណើនប្រចាំឆ្នាំក្នុងអត្រាប្រមាណ៦ភាគរយ៕

ដោយ ម៉ៅ ចរិយា