លោក ពូទីន មកដល់ទីក្រុង A shgabat ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល C IS នៅថ្ងៃទី១១ ខែតុលានេះ

AKP ភ្នំពេញ  ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុង អាហ្គាហ្គាបាត កាលពីថ្ងៃ​ព្រហស្បតិ៍។ នៅថ្ងៃសុក្រទី១១ ខែតុលានេះ លោក ពូទីន នឹងចូលរួមនៅក្នុងសម័យប្រជុំ​នៃ​ក្រុម​ប្រឹក្សារដ្ឋនៃរដ្ឋសមាជិកនៃបណ្តាប្រទេសឯករាជ្យ ( CIS ) នឹងជួបពិភាក្សាជាមួយ​ប្រធានា​ធិប​តី​ នៃប្រទេសតួកម៉េនីស្ថាន លោក Gurbanguly Berdimuhamedow ។

ជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yury Ushakov បានប្រាប់អ្នកសារព័ត៌មានមុន​នេះ​ថា លោក ពូទីន និងលោក Berdimuhamedow នឹងជួបពិភាក្សានៅមុនកិច្ចប្រជុំកំពូល CIS។ ពួកគេនឹងពិភាក្សាគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាលើរបៀបវារៈក្នុង​តំបន់។

លោក Ushakov បាននិយាយថា នៅក្នុងកិច្ចប្រជុំកំពូល CIS មេដឹកនាំទាំងពីរ​នឹង​ពិភាក្សា​អំពី​បញ្ហាដែលពាក់ព័ន្ធសំខាន់បំផុតនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ។ សម័យប្រជុំ​របស់ក្រុមប្រឹក្សារដ្ឋនៃប្រទេស CIS ត្រូវបានធ្វើឡើងតាមបែបជាពីរទ្រង់ទ្រាយ ជាទ្រង់ទ្រាយ​តូចចង្អៀត​និងធំទូលាយ។

លោក Ushakov បាននិយាយថា នៅក្នុងកិច្ចប្រជុំជាទ្រង់ទ្រាយតូចចង្អៀត មេដឹកនាំ​ទាំងពីរ​នឹងពិភាក្សាពីទស្សនៈរបស់ពួកគេ​ អំពីភារកិច្ចនាពេលអនាគតសម្រាប់ Commonwealth និងពិភាក្សាអំពីបញ្ហាជាក់លាក់មួយចំនួន ដូច្នេះនៅទីនោះយើងនឹងឃើញការប្រាស្រ័យ​ទាក់​ទង​ព័ត៌មានគ្នាក្នុងចំណោមបណ្តាមេដឹកនាំទាំងនោះ។ នៅក្នុងកិច្ចប្រជុំជាទ្រង់ទ្រាយធំ​ អ្នក​ចូល​រួមគ្រោងនឹងចុះហត្ថលេខាលើឯកសារមួយចំនួន រួមទាំងសេចក្តីប្រកាសស្តីពីកិច្ច​សហ​ប្រតិ​បត្តិការសេដ្ឋកិច្ចជាយុទ្ធសាស្ត្ររវាងប្រទេសជាសមាជិក CIS៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)