មន្ទីរកសិកម្មខេត្តកណ្តាលមានគោលដៅប្រែក្លាយបន្លែក្នុងខេត្តរបស់ខ្លួនទៅជាមាសបៃតងនៅឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា កង.មុន្នីរ៉ា ៖

 មន្ទីរកសិកម្មខេត្តកណ្តាលមានគោលដៅប្រែក្លាយដំណាំបន្លែក្នុងខេត្តរបស់ខ្លួនឲ្យទៅ​ជាមាស​បៃតងនៅឆ្នាំ២០២០ខាងមុខនេះ ដើម្បីបង្កើនចំណូលដល់កសិកនិងធានា​សុវត្ថិភាពអ្នក​បរិភោគ។

​អនុប្រធានមន្ទីរកសិកម្មខេត្តបានអៈអាងថា មន្ទីរកសិកម្មខេត្តកណ្តាលនិងផ្នែកពាក់ព័ន្ធមួយ​ចំនួន កំពុងជំរុញកសិករក្នុងតំបន់ស្រុកស្អាង​ និងស្រុកមួយចំនួនទៀតរបស់ខេត្តឲ្យកែប្រែ​ការដាំដុះ​ដំណាំ ពីការប្រើប្រាស់សារធាតុគីមី ទៅជាការដំាដំណាំតាមលក្ខណៈស្តង់ដាបច្ចេកទេសសរីរាង្គ និងសុវត្ថិភាពវិញ ដើម្បីជួយដល់សុខភាពកសិករ អ្នកភូមិផង អ្នកទទួលទានផង រួមនឹង​ជួយ​រក្សាស្ថេរភាពតម្លៃ របស់កសិករផងដែរ។

លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកណ្តាលមាន​ប្រសាសន៍​​​ប្រាប់អ្នកយកពត៌មានយើងនៅក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និង ចែក​ចាយបន្លែនាពេលកន្លងមកថា នៅឃុំស្វាយប្រទាលស្រុកស្អាង កន្លងមកមន្ទីរកសិកម្មខេត្តបានចុះ​អប់រំ និង ជំរុញឱ្យកសិករ ឱ្យងាកមកធ្វើដំណាំ តាមស្តង់ដាបច្ចេកទេសសរីរាង្គ និង បន្លែសុវត្ថិភាព ប្រើប្រាស់ជី និង ថ្នាំធម្មជាតិវិញ។ លោកមានប្រសាសន៍បន្តថា ការជំរុញដាំដំណាំសរីរាង្គនៅឃុំ ស្វាយប្រទាលនេះ ខណៈដែលតំបន់នេះជាកន្លែងមួយដែលកន្លងមកកសិករធ្វើដំណាំគីមីច្រើន ហើយបច្ចុប្បន្នទីនេះក៏កំពុងបានងាកចេញពីការប្រើប្រាស់ថ្នាំគីមីជាបណ្តើរហើយ។
សំលេងៈ ស្វាយប្រទាលនេះបើយើងនិយាយពី៣-៤ឆ្នាំមុន យើងមិនអាចចូលទៅតំបន់គាត់​បានទេ ដោយសារតំបន់នោះជាតំបន់ថ្នាំពុល គាត់ប្រើថ្នាំពុលច្រើន ពេលដែលគាត់​ប្រើថ្នាំ​ពុល​ច្រើនបរិស្ថាននៅជុំវិញទាំងអស់នឹង គេចូលទៅធំក្លិនថ្នាំ ធ្វើឱ្យមនុស្សចាកចេញពីនឹងអញ្ចឹងនៅ​ពេល​ឥទ្បូវ​​នេះ ក្រោយពីយើងបានបណ្តុះបណ្តាលគម្រោងអាស្បាផង គម្រោងប៊ូស្តិញផង អញ្ចឹង​បានន័យថា កសិករនៅក្នុងតំបន់នឹងគាត់ចាប់ផ្តើមយល់ហើយ ហើយឥទ្បូវនេះគាត់កំពុង​ចាប់ផ្តើម​កាត់បន្ថយថ្នាំពុលពីប្រើច្រើនមុខដោយសារតែការពន្យល់របស់មន្ទីរកសិកម្ម។ លោក ហ៊ សុផល មានប្រសាសន៍បន្តថា ក្នុងការកែប្រែទំលាប់កសិករពីការដាំដំណាំប្រើប្រាស់សារធាតុគីមី មកដាំដំ​ណាំ​សរីរាង្គ និង សុវត្ថិភាពនេះ មន្ទីរបានចុះបណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករក្នុងនោះ ក៏បានស្វែងរកដៃគូរទីផ្សារគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការសម្របសម្រួលទុនដល់កសិកររួមនឹងអង្គការដៃគូរផ្សេងៗទៀត។
បណ្តុះបណ្តាលជំហ៊ានទី១ គឺយើងចុះទៅប្រមូលកសិករអ្នកណាដែលគាត់ចាប់​អារ្មណ៍ថានឹងធ្វើបន្លែសុវត្ថិភាពគាត់មានដើមទុនគាត់ធ្វើបន្លែផ្ទះសំណាញ់ បា៎ផ្ទះសំណាញ់មិន​ខ្វល់​ពី​​រឿងបាញ់ថ្នាំពុលទេ ផ្ទះសំណាញ់នឹងគឺពី៤០-៥០នាក់។ ទី២យើងចុះទៅសួរគាត់ណែនាំគាត់ពីការ​ដាំដុះបន្លែតើអុំចាប់អារម្មណ៍ហើយឬនៅ បើអុំចាប់អារម្មណ៍គឺខ្ញុំយកឈ្មោះ ហើយទី៣នោះគឺយើង​ចាប់ផ្តើមចុះទៅបណ្តុះបណ្តាលគាត់។ ជំហ៊ានទី៤ គឺយើងចាប់ផ្តើមអញ្ជើញអ្នកលក់ចូល អ្នកទីផ្សារ ហើយនឹងមន្ត្រីបច្ចេកទេសយើងចូលរួមជាមួយគ្នា មួយទៀតគឺយើងហៅអ្នកឥណទាន ព្រោះយើង​ត្រូវការឥណទានកសិករខ្លះគាត់ត្រូវការខ្ចីទុន ខ្ចីទុនដើម្បីយកទៅប្រកបអាជីវកម្មគាត់។

អ្នកស្រី ឆេង សុខឃីម នៅភូមិបារែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បាន​ទទួលស្គាល់ថា ការប្រើសារធាតុគីមីលើដំណាំកន្លងមក​បានប្រឈមច្រើនមិនថាទ្បើយ​សុខភាព​​ខ្លួន​ឯង​អ្នកជិតខាងនិងអ្នកទទួលទានប៉ុណ្ណោះទេ ប៉ុន្តែតម្លៃក៏មិនស្ថិតស្ថេរដែរជួនទ្បើងជួនចុះ ធ្វើឱ្យការ​ដាំដុះជួបនឹងហានិភ័យច្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល មានប្រជាកសិករ​ដាំដំណាំបន្លែសរីរាង្គ ប្រមាណ៣០គ្រួសារ និង បន្លែសុវត្ថិភាពជិត៦០០គ្រួសារ។ កសិផលនាំចេញ ទៅកាន់ទីផ្សារក្រុងភ្នំពេញ​មានផ្សារអេអន និង ផ្សារទំនើបតូចធំមួយចំនួនទៀត។ ក្នុង១ថ្ងៃចន្លោះ​ពី១០០-៣០០គីទ្បូក្រាម៕