កិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣

AKP កំពង់ធំ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ –នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១០ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្ដម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។

ឯកឧត្ដម ឈុន ឈន់ មានប្រសាសន៍ថា កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួន ៤គឺ ទី១-ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ទី២-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៩របស់រដ្ឋបាលខេត្ត។ ទី៣-ពិនិត្យនិងអនុម័តទទួលស្គាល់ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៅក្នុងក្រុមប្រឹក្សាខេត្ត និងសេចក្ដីសម្រេចស្ដីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ និងបញ្ហាផ្សេងៗ។ ឯកឧត្តម ឈុន ឈន់ បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ត្រូវរៀបចំការប្រើបាស់ភាសាឱ្យបានត្រឹមត្រូវតាមអក្សរសាស្ត្រខ្មែរយើងដោយយកតាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ធ្វើជាមូលដ្ឋានគ្រឹះក្នុងការសរសេរ។

ក្នុងឱកាសនោះដែរឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវឱ្យអ្នកជាប់ពន្ធទាំងអស់មកបង់ពន្ធឱ្យបានគ្រប់ៗគ្នាដើម្បីជួយពន្លឿនថវិកាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តតំណាងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមតិ និងផ្ដល់យោបល់របស់មាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងផ្ដល់អនុសាសន៍ផ្សេងៗដើម្បីធ្វើការអភិវឌ្ឍខេត្តរបស់យើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានលើកឡើងទៀតថា ចាប់ពីពេលនេះទៅខេត្តយើងមានព្រឹត្តិការណ៍ធំៗច្រើនណាស់ ដូនេះការរៀបចំសោភណភាពខេត្ត ជាភារកិច្ចចាំបាច់របស់យើងទាំងអស់គ្នា៕

ដោយ ស៊ុម វណ្ណា