មន្ទីរសុខាភិបាលខេត្តព្រះវិហារពង្រឹងការណ្តុះបណ្តាលក្រុមគ្រូពេទ្យឲ្យមានសមត្ថភាពវិជ្ជា ជីវៈអោយទាន់សម័យកាល

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ១១.១០.២០១៩៖

  មន្ទីរសុខាភិបាល ខេត្តព្រះវិហារពង្រឹងការណ្តុះបណ្តាលក្រុមគ្រូពេទ្យឲ្យមានសមត្ថ ភាពវិជ្ជាជីវៈអោយទាន់សម័យកាល ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាព្យាបាលជម្ងឺ ថ្មីៗជូនដល់អ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាពឆាប់ជាសៈស្បើយ។

         ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារបានអៈអាងថា មន្ទីរជំរុញការបណ្តុះបណ្តាល ក្រុមគ្រូពេទ្យជាប់ជាប្រចាំលើបច្ចេកវិទ្យាព្យាបាលថ្មីៗនិងឧបករណ៍ទំនើបៗដើម្បីបំប៉នសមត្ថភាពរបស់ក្រុមគ្រូពេទ្យ ឲ្យធានាការព្យាបាលអ្នកជំងឺប្រកបដោយប្រសិទ្ធ និងសុវត្ថិភាព។

  ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជា លោកវេជ្ជបណ្ឌិត គួង ឡូប្រធានមន្ទីរសុខាភិបាលសុខាភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា មន្ទីរបាន បញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមសិក្សាវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាច្រើនដូចជា ប្រទេសកូរ៉េ និងប្រទេសជិតខាងមួយចំនួនទៀត ដើម្បីបង្កើនចំណេះដឹងដល់មន្ត្រីក្នុង វិស័យសុខាភិបាលអោយទទួលបាននូវបទពិសោធន៏ថ្មីៗនិងទាន់សម័យយកមកព្យាបាលជូនអ្នកជំងឺឲ្យទទួលបានគុណភាព និងសុវត្ថិភាពនិងភាពជឿជាក់លើវិស័យសុខាភិបាលរបស់រដ្ឋ ។ 

លោកបានបានអៈអាងថា ក្រុមគ្រូពេទ្យចំបាច់ណាស់ត្រូវតែទទួលការបណ្តុះបណ្តាលឲ្យបានជាប់លាប់ខណៈដែលបច្ចុប្បន្នស្ថានភាពជម្ងឺរបស់ប្រជាជនមានការវិវឌ្ឍនិងប្លែកៗជាច្រើនរួមទំាងជម្ងឺឆ្លងកាចសាហាវជាច្រើនដែលជាក្តីបារម្ភណ៏ចំពោះសុខភាពសាធារណៈ ដូច្នេះហើយក្រុមគ្រូពេទ្យមានតួនាទីសំខាន់ណាស់ក្នុងការស្វែងយល់អំពីស្ថានភាពជម្ងឺទំាងនោះ។

លោកវេជ្ជបណ្ឌិតបន្តថា ការបញ្ជូនមន្ត្រីក្រោមឱវាទទៅសិក្សានៅក្រៅប្រទេសនេះអាចធ្វើឲ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែមានភាពរើកចំរើនបន្ថែមទៀតតាមរយៈការពាំនាំយកនូវចំណេះដឹងជំនាញនិងបទពិសោធន៍ល្អៗពីក្រៅប្រទេសមកព្យាបាលបងប្អូនប្រជាពលរដ្ឋអោយ មានស្តង់ដារដូចបណ្តាលប្រទេសនានា។

យើងក៏បានបណ្តុះបណ្តាលមន្រ្តីមួយចំនួនតាមរយៈបានបញ្ជូនឲ្យគាត់ទៅធ្វើការបណ្តុះ បណ្តាលនៅប្រទេសកូរ៉េ។យើងបានធ្វើកិច្ចព្រមព្រៀមមួយរបស់ប្រទេសកូរ៉េក្នុងការបញ្ជូនមន្រ្តី យើងទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសកូរ៉េ។មកទល់ពេលនេះយើងបានបញ្ជូនមន្ត្រីយើងបីរូបហើយដែលទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសកូរ៉េដើម្បីពាំនាំមកនូវអ្វីដែលថ្មីយកមកព្យាបាលប្រជាពលរដ្ឋ។

លោកសូ ផល ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងដែរថា ការបង្កើនចំណេះដឹងនិងបច្ចេកទេសព្យាបាលថ្មីរបស់ក្រុមគ្រូ ពេទ្យបានធ្វើឲ្យអ្នកជំងឺមានភាពកកក្តៅក្នុងការមកទទួលសេវាព្យាបាលឬមិនរត់ទៅព្យាបាល នៅក្រៅប្រទេស។ លោកបានបន្ថែមថា ពេលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ ១៦មករាខេត្តព្រះវិហារម្តងៗក្រុមគ្រូពេទ្យតែងតែយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលដោយមានការពិគ្រោះយោបល់ច្បាស់លាស់និងព្យាបាលប្រកបដោយប្រសិទ្ធភាពនិងឆាប់ជាស:ស្បើយមិនថាជំងឺធ្ងន់ឬស្រាលទេគឺតែងតែទទួលបាននូវភាពកក់ក្តៅនិងទំនុកចិត្តពេលមកដល់មន្ទីរពេទ្យនេះ។ 

ខ្ញុំសប្បាយចិត្តពេលមកម្តងៗក្រុមគ្រូពេទ្យទទួលរាក់ទាក់ឌិតដល់ពិនិត្យមើលច្បាស់លាស់ចឹងទៅយើងមានភាពរើករាយកក់ក្តៅក្នុងសង្គម។រំភើបព្រោះជំងឺមិនថាធ្ងន់ឬស្រាលមិនស្រួលមកដល់ដឹងតែកក់ក្តៅព្រោះគ្រូពេទ្យខ្នះខ្នែងជួយពិនិត្យព្យាបាល។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារបានបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន៣រូបទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសកូរ៉េជំនាញផ្នែកត្រចៀកនិងបំពង់កនឹងមួយរូបទៀតកំពុងតែចូលរួមសិក្សានៅប្រទេសចិនផងដែរ៕