រដ្ឋបាលរាជធានីឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២នៅមុខផ្សារដើរគនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកនៅពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ហុកសុខរិន១១១០១៩ 

រដ្ឋបាលរាជធានីឯកភាពពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងបន្ថែមទៀតនៅត្រង់ផ្សារដើរគនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកនៅពេលឆាប់ៗនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដែលមិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមមុនគេនៅពេលដ៏ខ្លីខាងមុខនេះខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាឋមសិក្សាសន្ធរម៉ុកត្រូវសិក្សាបន្តទៀតដោយសារតែចង់ពង្រីកគម្រោងស្ថាបនានេះនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសត្រង់ភ្លើងស្តុបសន្ធរម៉ុកតែម្តង។

  ថ្លែងក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញនិងក្រុមហ៊ុនឯកជនឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងថាការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខផ្សារដើមគនេះដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋចងឲ្យមានការស្ថាបនាឲ្យបានឆាប់ខណៈដែលក្រុមអ្នកជំនាញបានសិក្សាពីផលប៉ៈពាល់រួចរាល់ហើយ។ឯកឧត្តមបានបន្ថែមថាចំពោះគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀតដោយសារតែអាជ្ញាធរចងធ្វើស្ពានអាកាសនេះនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តងដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។«កិច្ចការងារនេះខ្ញុំចងអោយក្រុមហ៊ុនពង្រឹងកិច្ចសហការជាមួយមន្ទីររៀបចំដែនដីនិងមន្ទីរសាធារណការហេតុអ្វីបានយើងត្រូវពង្រឹងកិច្ចការងារនេះដោយសារនៅលើរថយន្តកំពុងធ្វើដំណើរចឹងអ្នកដំណើរឆ្លងកាត់ត្រូវមានសុវត្ថិភាពហើយអ្នកជិះពីក្រោមក៏ត្រូវមានសុវត្ថិភាព។ការពង្រឹងគុណភាពសំណង់និងសោភ័ណភាពនេះដើម្បីអោយប្រជាពលរដ្ឋទទួលយកបានយើងធ្វើនេះដើម្បីទាក់ទាញដែលសម្រួលដល់អ្នកឆ្លងកាត់ដោយទី១កុំអោយគាត់ឆ្លងកាត់ជាមួយឡានវាអាចប្រឈមនឹងគ្រោះថ្នាក់មានហានិភ័យទំាងសងខាងទី២យើងធ្វើនេះដើម្បីអោយមានសុវត្ថិភាពទំាងព្រមដែលនេះជាកិច្ចការមួយធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្តទទួលយកការអភិវឌ្ឍរបស់យើង»

  តំណាងក្រុមហ៊ុនស្ពេកមេឌៀដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះបានឲ្យដឹងថាជាគម្រោងបច្ចេកទេសស្ពានអាកាសថ្មើរជើងមុខផ្សារដើមគគឺសាងសង់ដោយឆ្លងកាត់មហាវិថីម៉ៅសេទុងដែលប៉ៈពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋប្រមាណ៨ផ្ទះប៉ុន្តែពួកគេនៅតែអាចចេញចូលនិងចតរថយន្តបានដោយសារនៅសល់គម្លាតរហូតដល់៥ម៉ែត្រពីគម្រោង។ដោយឡែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុកក្រុមហ៊ុននឹងបន្តសិក្សាបន្ថែមទៀត។

សូមបញ្ជាក់ថាមកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែងនិងនៅតំបន់ភ្លើងស្តុបនាងគង្ហីងមានចំនួន១កន្លែងហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាពស៊ីវិល័យនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕