ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យ អាជ្ញាធរខណ្ឌ មន្ទីរ ក្រុមហ៊ុនពាក់ព័ន្ធចូលរួមថែទាំនិងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារនិងដើមឈើនៅរាជធានីឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ មន្ទីរនិងក្រុមហ៊ុនពាក់ព័ន្ធចូលរួមថែទាំ និងមើលការខុសត្រូវភ្លើងបំភ្លឺសាធារណៈ សួនច្បារ និងដើមឈើ ដើម្បីឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុងមានភាពទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ឯកឧត្ដម ឃួង ស្រេងបានជំរុញបែបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ មន្ទីរសាធារណការ កាលពីល្ងាចថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្ដីពីការគ្រប់គ្រង ជួសជុល និងថែទាំភ្លើងបំភ្លឺសាធារណៈ និងក្រុមហ៊ុន PPD E&C និងរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចូលរួមថែទាំ ជួសជុល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបំភ្លឺសាធារណៈ និងការថែទាំដើមឈើសួនច្បារ សាធារណៈ ។

ឯកឧត្ដម ឃួង ស្រេង បានប្រសាសន៍ថា រាជធានីភ្នំពេញរបស់យើងមានវិសាលភាពកាន់តែធំ ដោយយើងបានកាត់សង្កាត់មួយចំនួនពីខេត្តកណ្តាល ។ ដូច្នេះការបម្រើសេវាជូនប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ ដូចជាការដំឡើងភ្លើងបំភ្លឺសាធារណៈជាដើម ហើយបញ្ហានេះប្រជាពលរដ្ឋតែងតែបានលើកឡើងជាសំណើ និងសំណូមពរ នៅក្នុងវេទិកាសាធារណៈ ដោយឱ្យអាជ្ញាធររបស់យើងជួយដាក់ភ្លើងបំភ្លឺសាធារណៈនៅតាមភូមិឋានរបស់ពួកគាត់ ។ លើបញ្ហានេះយើងបានគិតគូរព្រមទាំងបានដាក់ភ្លើងបំភ្លឺសាធារណៈជូនទៅដល់បងប្អូនប្រជាពលរដ្ឋបានច្រើនហើយដែរ បើទោះបីមិនបាន១០០ភាគរយក្តី ពោលគឺយើងអនុវត្តន៍ទៅលទ្ធភាពដែលយើងមាន។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចូលរួមថែទាំ និងមើលការខុសត្រូវទៅលើភ្លើងបំភ្លឺសាធារណៈ ទៅលើសួនច្បារ និងដើមឈើជាដើម ពោលគឺកន្លែងណាដែលមានការខូចខាត ត្រូវធ្វើរបាយការណ៍ ឬរាយការណ៍ មកមន្ទីរសាធារ ណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីធ្វើការជួសជុលកែលម្អឡើងវិញ ។ ដូច្នេះការងារនេះយើងត្រូវតែរួមគ្នាធ្វើដើម្បីឱ្យរាជធានីភ្នំពេញរបស់យើងមាន ភ្លើងបំភ្លឺសាធារណៈ សួនច្បារនិងដើមឈើគួរជាទីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ៕

ដោយ សួស សំរិត