ប្រតិភូសាលាក្រុង ភ្យុងធែក Pyeong Taek City Hall សាធារណរដ្ឋកូរ៉េ ចូលជួបពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ –លោក Kim Routing ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចកូរ៉េ-កម្ពុជា បានដឹកនាំគណ:ប្រតិភូកូរ៉ ចូលជួបពិភាក្សាការងារជាមួយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។

លោក ជាវ វិជ្ជាក់ បានជម្រាបជូនគណៈប្រតិភូ ពីសក្តានុពលរបស់ខេត្ត ដែលរាជរដ្ឋាភិបាលកំណត់ជាប៉ូលអភិវឌ្ឍន៍ជាតិ ប្រកបដោយ ចីរភាពតាមរយៈការជំរុញការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាច្រកចេញ-ចូលអន្តរជាតិ ជាមជ្ឈមណ្ឌលកំណើនជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក ជាមជ្ឈមណ្ឌលឧស្ស ហកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ ។

លោកអភិបាលរងខេត្តបានបន្តថា ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់អភិវឌ្ឍន៍   វិស័យឧស្សាហកម្មបែបវិទ្យាសាស្រ្តទំនើប សម្រាប់ការនាំចេញ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ និង ៤ផ្សេងទៀតកំពុងត្រៀមដាក់ឱ្យដំណើរការនាពេលខាងមុខ ។ វិស័យអាទិភាពឈានមុខគេ ក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមានដូចជា វិស័យឧស្សាហកម្ម ទេសចរណ៍ កំពង់ផែសមុទ្រ ព្រលានយន្តហោះ សំណង់ និងវិស័យផ្សេងៗទៀត ។ វិស័យទេសចរណ៍មានអំណោយ ផលពីធម្មជាតិ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិ នៃក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកក្នុងមហាសន្និបាតលើកទី៧ នៅទីក្រុង Toubacouta នៃប្រទេស  Senegal ត្រូវបានប្រសិទ្ធនាម ថា ” តារារះនាទិសនារតី ” ។ ជាមួយធម្មជាតិដ៏សម្បូរបែប មានព្រៃធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ ផ្កាថ្ម ជីវ ចម្រុះ ទេសភាពដ៏ស្រស់ត្រកាលនៅតាមកោះតូច ធំទាំង៣២ ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយនៅតាមរមណីយដ្ឋានឆ្នេរសមុទ្រ និងនៅតាមកោះនានា នៃខេត្តព្រះសីហនុកាន់តែច្រើន ។

លោក Kim Routing ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចកូរ៉េ-កម្ពុជា  មានប្រសាសន៍កោតសរសើរការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ហើយគណ:ប្រតិភូមកទស្សនកិច្ចខេត្តព្រះសីហនុ មានគោលបំណង ពិនិត្យសក្តានុពល និងស្ថានភាព នៃសេវាកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឈ្វេងយល់នៅតំបន់ដែលកំពុងអភិវឌ្ឍន៍ និងការផ្លាស់ប្ដូរកម្មវិធីផ្សេង ៗ ជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធនានារបស់ខេត្តព្រះសីហនុ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាពទ្វេភាគី (ថ្នាក់មូលដ្ឋាន) និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងទាំងពីរ ៕

ដោយ ងូ សុមុនី