ក្រុមហ៊ុនACE Cook បានផ្តល់មីកញ្ចប់ម៉ាក Good ចំនួន ៣០០កេសដល់រដ្ឋបាលខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ –ក្រុមហ៊ុន ACE Cook បានផ្តល់មីកញ្ចប់ម៉ាក Good ចំនួន ៣០០កេស ដល់រដ្ឋបាលខេត្តក្រចេះកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩ ។

អំណោយជាមីកញ្ចប់ដែលបានផ្តល់ជូនដល់រដ្ឋបាលខេត្តក្រចេះក្នុងពេលនោះជាអំណោយមនុស្សធម៌របស់ក្រុមហ៊ុន ACE Cook ដើម្បីឱ្យរដ្ឋបាលខេត្តចាត់ចែងចែកជូនប្រជាពលរដ្ឋនៅតាមតំបន់កំពុងមានការខ្វះខាត ពិសេសនៅតាមមូលដ្ឋានដែលទទួលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គកាលពីខែកញ្ញាកន្លងទៅ ។

លោក យ៉ាត់ វណ្ណា ប្រធានផ្នែកគ្រប់គ្រងទីផ្សារប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន ACE Cook បានបញ្ជាក់ថា ក្រុមហ៊ុនបានទទួលដំណឹងអំពីគ្រោះធម្មជាតិ ពិសេសគឺគ្រោះទឹកជំនន់ទន្លេមេគង្គ ដែលធ្វើឱ្យលំនៅឋាន ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជាច្រើនក្នុងទឹកដីខេត្តក្រចេះ ទទួលរងនូវការលិចលង់ ប្រជាពលរដ្ឋមានការខ្វះខាតគ្រប់បែបយ៉ាង ទើបក្រុមហ៊ុន ACE Cook សម្រេចចូលរួមផ្តល់ស្បៀងអាហារជាមីកញ្ចប់ម៉ាក Good ជាផលិតផលរបស់ក្រុមហ៊ុនចំនួន ៣០០កេស ដើម្បីរដ្ឋបាលខេត្តចាត់ចែងចែកជូនប្រជាពលរដ្ឋនៅក្នុងពេលកំពុងខ្វះខាតនេះ ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូល បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនACE Cookដែលបានផ្តល់មីកញ្ចប់ម៉ាក Good ដល់រដ្ឋបាលខេត្តសម្រាប់ចាត់ចែងផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងមានការខ្វះខាតស្បៀងអាហារ ។ ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា នេះជាការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដែលមិនអាចកាត់ថ្លៃបានឡើយ ។ ឯកឧត្តម វ៉ា ថន ក៏បានសំណូមពរដល់ក្រុមហ៊ុន ACE Cook ជួយឧបត្ថម្ភផ្នែកមនុស្សធម៌នេះបន្តទៀត ហើយឯកឧត្ដមនឹងយកអំណោយជាស្បៀងអា ហារទាំងនេះទៅចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ ៕

ដោយ ជួន សុជាតិ