ក្រុមហ៊ុនជប៉ុនមួយត្រៀមបញ្ចេញលក់រថយន្តអគ្គិសនីទើបផលិតថ្មីទំនើបក្នុងទីផ្សារខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០១៩ –ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ជប៉ុនមួយ បានមានគម្រោងនាំចូលរថយន្តអគ្គិសនីទើបផលិតថ្មីទំនើប ដែលផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាស និងការរំខានដោយសំឡេងឡើយ ដែលរថយន្តទាំងនោះគេមានគម្រោងនឹងនាំចូលមកលក់ក្នុងទីផ្សារខេត្តសៀមរាប។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ថា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី០៩ ខែតុលា​ឆ្នាំ២០១៩ លោក Naoto Yamagishi ប្រធានគ្រប់គ្រងគម្រោងទូទៅក្រុមហ៊ុន Toyota Tsusho Corporation បានណែនាំពីរថយន្តអគ្គិសនីថ្មី ដែលក្រុមហ៊ុនទើបផលិត និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារខេត្តសៀមរាប ដែលលក្ខណៈពិសេសនៃរថយន្តនេះ ផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាសនិងការរំខានដោយសំឡេង និងមានផែនការបង្កើតគម្រោងដំឡើងរថយន្តអគ្គិសនីនេះនៅខេត្តសៀមរាបផងដែរ។

លោក ឡុង កុសល បានឱ្យដឹងទៀតថា ជាការឆ្លើយតបនៅក្នុងជំនួបនោះឯកឧត្តម ហង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះរថយន្តអគ្គិសនី និងគាំទ្រចំពោះផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏សម្ដែងការគាំទ្រផងដែរទៅដល់ផែនការបង្កើតគម្រោងដំឡើងរថយន្តអគ្គិសនីនេះនៅខេត្តសៀមរាប ព្រោះផែនការនេះអាចជួយបង្កើតមុខរបរ ផ្ទេរនូវចំណេះដឹង ព្រមទាំងបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា៕

ដោយ ហង្ស សៀក