សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និងផ្តល់អនុសាសន៍ដល់ក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍

វិទ្យុជាតិកម្ពុជា៖លោក ជៀងយ៉ារ៉េត និងលោកអ៊ូកាណែល
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាល ពីរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹក នាំដោយកញ្ញា សុគុណ សុភក្ត្ររាសី ជួបសំណេះ សំណាល និងទទួលអនុសាសន៍។
កញ្ញា សុគុណ សុភក្ត្ររាសី បានជម្រាបជូន​ សម្តេចតេជោនាយករដ្ឋមន្រ្តីថា ការចូលរួមនៅ ក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះ មានសមា ជិកចំនួន២៩រូប។ កញ្ញាបានឲ្យដឹងថា នេះជាលើកទី៤៦ហើយដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់តាំងពីការចាប់ផ្ដើមមក។ នៅក្នុងដំណើរលើកនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី ២៣ តុលា ដល់១៣​ ធ្នូ ២០១៩ ។​ កញ្ញា បានបន្តទៀតថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ តាមសេចក្តីថ្លែង ការណ៍រួមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន ក្នុងនោះមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និង ថៃ ។
សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩ នេះ ប្រតិភូនាវាយុវ ជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុន ដើម្បីប្រារព្ធកម្មវិធីបើកជាផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មកប្រតិភូនាវាយុវជនទាំងអស់ត្រូវបែងចែកជាក្រុមទៅធ្វើទស្សនកិច្ចសិក្សានៅតំបន់មួយចំនួនក្នុងប្រទេសជប៉ុនមុននឹងប្រតិភូនាវាយុវជនចុះនាវាដើម្បីធ្វើដំណើរតាមផ្លូវទឹកពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាម សិង្ហបុរី​ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ហើយចុងក្រោយនេះនា វាយុវជននឹងត្រឡប់ទៅប្រទេសជប៉ុនវិញដើម្បីប្រារព្ធកម្មវិធីបិទ និងបន្ទាប់មកនឹងវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ។
ផ្តល់អនុសាសន៍សម្រាប់ប្រតិភូយុវជន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកអំពីដំណើរវិវត្តរបស់កម្ពុជា ជាពិសេសការទទួលបានសុខសន្តិ ភាពពេញលេញ ។​ សម្ដេចតេជោ ក៏បានលើកបង្ហាញពីមូលហេតុដែលកម្ពុជាដាក់អាទិភាពចូលជាសមាជិកអាស៊ានដោយផ្អែក លើកត្តា៤៖
ទី១)​ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា
ទី២)​ អាស៊ានមានស្មារតីសហគមន៍គឺអាស៊ានសម្រេចកិច្ចការអ្វីៗដោយកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោតឬ សម្រេចដោយការដាក់ទណ្ឌកម្មនោះទេ
ទី៣)​ដោយសារផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងចំណុចនេះ សម្ដេចពន្យល់ថា ដោយសារអាស៊ានមានដៃគូជាច្រើន ដូច្នេះពេលដែលយើងចូលអាស៊ាន, ដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ
ទី៤)​ អាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា។
បន្ថែមលើនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ បានណែនាំដល់ប្រតិភូនាវាយុវជនទាំង២៩រូប ឱ្យរៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេ សប្រមាណ ១៦លាននាក់ ហើយក៏ត្រូវធ្វើយ៉ាង ណាកសាងមិត្តឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឲ្យក្រុមនាវាយុវជនទាំងអស់ទទួលបាននូវភាពជោគ ជ័យនៃកម្មវិធីនាវាយុវជននាពេលខាងមុខនេះ៕