ឯកអគ្គរាជទូតជប៉ុនថ្មីប្ដេជ្ញាជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យមកវិនិយោគ និងទស្សនានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅស្ដីការ ក្រសួងទេសចរណ៍ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានប្ដេជ្ញា ថានឹងជួយជំរុញអ្នកវិនិយោគ និងភ្ញៀវទេសចរឱ្យមកវិនិយោគនិងទស្សនាកម្សាន្តនៅ កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ក្រោយបញ្ចប់ជំនួបពិភាក្សាដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បានឱ្យដឹងថា «ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកអគ្គរាជទូតជប៉ុនបានកត់សម្គាល់អំពីការ អភិវឌ្ឍនិងការវិវត្តថ្មីៗលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាក់ស្តែងកាលពីឆ្នាំ២០១៨ កន្លងមកក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ៦លាន២សែននាក់ មានភ្ញៀវទេសចរជប៉ុនជាង ២០ម៉ឺននាក់ ដោយឡែកសម្រាប់៧ខែដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរ ជប៉ុនសរុប១៤ម៉ឺននាក់ហើយភ្ញៀទេសចរជប៉ុននៅតែជាភ្ញៀវទេសចរដែលមានកំណើនសម្រាប់តំបន់ខេត្តសៀមរាប»។

ជាមួយគ្នានេះឯកឧត្តម ថោង ខុន បានស្នើដល់ឯកអគ្គរាជទូតជប៉ុនជួយជំរុញ ឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតភ្ជាប់ទីក្រុងសំខាន់ៗរវាងប្រទេសជប៉ុន និងកម្ពុជា ដែលកន្លងមកនេះភាគីទាំងពីរមានជើងហោះហើរត្រង់ ពីអាកាសយានដ្ឋានឡារីតា នៃទីក្រុងតូក្យូមកកាន់រាជធានីភ្នំពេញ។ ឯកឧត្តម សំណូមពរឱ្យភ្ជាប់ពីទីក្រុងតូក្យូ មកកាន់ខេត្តសៀមរាបក៏ដូចជាពីទីក្រុងសំខាន់ៗរបស់ជប៉ុនមកកាន់កម្ពុជាផងដែរ។

ព្រមជាមួយនឹងការស្នើសុំឱ្យឯកអគ្គរាជទូតជប៉ុនជួយសម្រួលឱ្យមានស្លុតចុះយន្តហោះនៅទីក្រុងអូសាកាដែលក្រុមហ៊ុនអាសចរណ៍កម្ពុជាអង្គរអ៊ែរគឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិកំពុងតែមានការសិក្សាគម្រោងហោះហើរទៅកាន់ទីក្រុងអូសាកានេះ។

បន្ថែមលើនេះឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យភាគីជប៉ុនជួយសិក្សារៀបចំខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបនិងក្រុងបាត់ដំបងជាទីក្រុងឆ្លាតវៃ (Smart City) ព្រោះភាគីជប៉ុនមាន បច្ចេកវិទ្យាខ្ពស់ក៏ដូចជាបទពិសោធន៍ក្នុងការរៀបចំកិច្ចការទាំងអស់នេះ។ ព្រមជាមួយនឹង ការជំរុញឱ្យមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន។

ឯកឧត្តមបានកោតសរសើរពីការវិនិយោគរបស់ជប៉ុននៅរមណីយដ្ឋានវីគិរីរម្យនៅខេត្តកំពង់ស្ពឺ និងជំរុញឱ្យមានវិនិយោគិនជួយអភិវឌ្ឍន៍តំបន់ទេទឹកពុះដែលជាតំបន់ Hot Spring មួយដ៏ល្អនៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ហើយដែលភាគីជប៉ុនមានបទពិសោធន៍ ច្រើនក្នុង ការធ្វើការងារទាំងអស់នេះ។

ជាកិច្ចឆ្លើយតបឯកឧត្តមឯកអគ្គរាជទូតថ្មីរបស់ជប៉ុនបានទទួលយកសំណូមពរ របស់ ឯកឧត្តម រដ្ឋមន្ត្រីក៏ដូចជាជំរុញឱ្យអ្នកវិនិយោគក៏ដូចជាវិស័យឯកជននានារបស់ជប៉ុន មកវិនិ យោគលើវិស័យទេសចរណ៍បន្ថែមទៀតពិសេសជំរុញនូវលំហូរភ្ញៀវទេសចរជប៉ុនមកកាន់កម្ពុជាផងដែរ។

ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណភាគីជប៉ុនក្នុងនាមជាសហប្រធានICC-អង្គរ ដែលបានជួយអភិរក្សតំបន់ប្រាសាទអង្គរក៏ដូចជាខេត្តសៀមរាប និងបានសំណូមពរឱ្យភាគី ជប៉ុនបន្តកិច្ចសហប្រតិបត្តិការនេះរហូតទៅដល់ប្រាសាទសំបូរព្រៃគុកថែមទៀត ដើម្បីជួយ ផ្សព្វផ្សាយក៏ដូចជាជួយអភិរក្សប្រាសាទសំបូរព្រៃគុកនេះឱ្យកាន់តែមានភាពប្រសើរឡើង។ ព្រមជាមួយនឹងការស្នើសុំឱ្យភាគីជប៉ុនជួយជំរុញការផ្សព្វផ្សាយបណ្តាញបេតិកភណ្ឌភ្ជាប់តំបន់អង្គរទៅបឹងមាលាប្រាសាទកោះកេរព្រះវិហារផងដែរ»។

ឯកឧត្តម ថោង ខុន បានសាទរចំពោះភាគីជប៉ុនជាពិសេសទីក្រុងតូក្យូ ដែលនឹងរៀប ចំកីឡាអូឡាំពិកនៅឆ្នាំ២០២០ហើយកម្ពុជានឹងបញ្ជូនអត្តពលិកទៅចូលរួម។ ភាគីជប៉ុន បាន ជួយបណ្តុះបណ្តាលកីឡាជំនាញមួយចំនួនរបស់កម្ពុជាជាពិសេសកីឡាហែល ទឹកក្នុង ការដែល ឱ្យអត្តពលិកកម្ពុជាបានចូលរួមហ្វឹកហាត់បង្កើនសមត្ថភាពជាមួយនឹងការចូលរួម ព្រឹត្តិការណ៍នានា៕

ដោយ ម៉ៅ ចរិយា