មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ កម្ពុជាដែលកើតចេញពីកត្តាស្ថិរភាព

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ​កម្ពុជា​ដែលចេះតែបន្តមានការរីកចម្រើនឡើងដែលកើតចេញពីកត្តាស្ថិរភាពនយោបាយ និងសុខ​សន្តិ​ភាពនាពេលបច្ចុប្បន្ននេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» កាលពី​ព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នាទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​រងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុង​ក្រោយ នេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧.៧ភាគរយ ហើយ​បាន​ចាក​ចេញពីឋានៈ ជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិត​ទាប ក្នុងឆ្នាំ២០១៥។ ឯកឧត្ដមបានលើកឡើងថា កត្តាខាងលើនេះ គឺបានកើតចេញពី​មូល​ដ្ឋាន​នៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបន្តថា ជាការកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពវិនិយោគនៅប្រទេសកម្ពុជា គឺមានការកើនឡើងជាលំដាប់រៀងគ្នា ទាំងចំនួន​គម្រោង ទាំងទុនវិនិយោគ។ ជាមួយគ្នានេះ ជាក់ស្ដែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​ឯកភាពលើគម្រោងវិនិយោគចំនួន១៧១គម្រោង ដែលមានទុនវិនិយោគប្រមាណ៣.៦​ប៊ីលាន​​ដុល្លារអាម៉េរិក កាលពីនៅឆ្នាំ២០១៦។ ដោយឡែក គម្រោងវិនិយោគ ចំនួន១៨៣​គម្រោង​ដែលមានទុនវិនិយោគ៦.៣ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ និង ២៥៥គម្រោងដែល​មានទុនវិនិយោគ ៦.៤ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០១៨។

ឯកឧត្តមបានបន្ថែមថា គិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ តំបន់សេដ្ឋកិច្ចពិសេសដែល​កំពុង​មាន​ប្រតិបត្តិការមានចំនួន ២៣តំបន់ ក្នុងនោះមានគម្រោងវិនិយោគចំនួន៤៨២គម្រោង ដែលមានទុនវិនិយោគប្រមាណជាង៣.៦ប៊ីលានដុល្លារអាម៉េរិក ហើយទំហំនៃការនាំចេញ​ដែលមាន​ប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ១៥ភាគរយនៃទំហំនាំចេញសរុប របស់កម្ពុជាក្នុងឆ្នាំ២០១៨កន្លងមក៕

ដោយ ចាន់ សុធីវង្ស