គណៈកម្មការ និងអនុគណៈកម្មការខេត្តកំពត បើកកិច្ចប្រជុំស្ដីពីការរៀបចំបុណ្យសមុទ្រ​លើកទី៨ ជុំទី២ ឆ្នាំ២០១៩ 

AKP កំពត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការខេត្ត រៀបចំបុណ្យសមុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ ដែលនឹងត្រូវធ្វើ ឡើងនៅក្នុងខេត្ដកំពត។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅសាលប្រជុំសាលាខេត្តកំពត កាលពី​ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានអនុគណៈកម្មការរៀបចំ​បុណ្យសមុទ្រ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋាននគរបាលព្រំដែនទឹក ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ណែនាំដល់ស្នងការនគរបាលខេត្ត ត្រូវពង្រឹង​ទំនាក់ទំនងជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការខ្ចីរថយន្តស្ទូច ដើម្បីត្រៀម​បង្ការ​ក្នុងអំឡុងពិធីបុណ្យសមុទ្រខាងមុខនេះ។ ទន្ទឹមនេះ មន្ទីរព័ត៌មានខេត្ដ ត្រូវរៀបចំអត្ថបទជូន​ដល់​អ្នកសារព័ត៌មាន ទាំងវិទ្យុ ទូរទស្សន៍ និងកាសែត ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍​បុណ្យ​សមុទ្រ នៅខេត្តកំពតឱ្យបានទូលំទូលាយ។ ឯកឧត្ដមអភិបាលខេត្ដក៏ស្នើដល់មន្ទីរ​សាធារណ​ការ និងដឹកជញ្ជូនខេត្ត ជួយសម្រួលដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត និងត្រូវកំណត់ពេល​ជួបពិភាក្សាជាមួយ អ្នកវិនិយោគិនចិន ដែលកំពុងធ្វើផ្លូវជាតិលេខ ៣ ដើម្បីពន្លឿនការស្ថាប​នា​ផ្លូវនេះឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់មហាជន និងប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល៕

ដោយ ប្រាក់ លាង