រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ចាប់ផ្ដើមអនុវត្ដន៍គម្រោងពិធិពកម្មវិស័យ​កសិកម្ម​កម្ពុជា ដែលមានទឹកប្រាក់ជាង១០០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បានចាប់ដៃគូសហប្រតិបត្តិការ និងចាប់​ផ្ដើម​អនុវត្ដន៍គម្រោងគម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា ដែលមានទឹកប្រាក់ជាង១០០លាន​ដុល្លារ​អាម៉េរិក ក្នុងនោះថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន១០លាន​ដុល្លារ  ដើម្បីគាំទ្រ ការវិនិយោគធុរកិច្ចកសិកម្ម និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និងសម្ភារកសិកម្មនៅ​កម្ពុជា។ នេះបើយោងតាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តន៍គម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា (Cambodia Agriculture Sector Diversification Project, CASDP) កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំកម្ពុជាបានលើកឡើងថា វិស័យកសិកម្មកម្ពុជា​បានដើរតួនាទីយ៉ាង សំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើន​សេដ្ឋកិច្ច​ជាតិ។ លោកស្រីបានបញ្ជាក់ថា គម្រោង CASDP វានឹងបំពេញតួនាទីសំខាន់ៗ ក្នុងការ​ជួយសម្របសម្រួល ការវិនិយោគធុរកិច្ចកសិកម្ម  ជំរុញ និងលើកទឹកចិត្តការវិនិយោគ​កសិដ្ឋាន និងសម្ភារកសិកម្ម  ពង្រឹង និងផ្សាភ្ជាប់ខ្សែច្រវាក់តម្លៃ និងទីផ្សារ ជាពិសេសលើក​ទឹកចិត្ត​ឱ្យមានកាលានុវត្តភាពធុរកិច្ចកសិកម្ម។ លោកស្រីបានបន្ដថា គម្រោងនេះ បានកំណត់​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ​សំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះ​ស្រាយបញ្ហា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ធុរកិច្ច​កសិ​កម្ម។ លោកស្រីបានអះអាងថា ធនាគារពិភពលោកនឹងនៅបន្តធ្វើការ​គាំទ្រ និងឧបត្ថម្ភ​ទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមាន​ប្រសាសន៍ថា គម្រោងស្តីពី “ពិពិធកម្មវិស័យកសិកម្មកម្ពុជា” ជាគម្រោងថ្មីមួយដែលឆ្លើយតប​ទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួម​ចំណែករបស់ធនាគារពិភពលោកដែលបានផ្ដល់ហិរញ្ញប្បទានសម្រាប់អនុវត្តន៍គម្រោងជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់​ពេល​បច្ចុប្បន្ន។ ឯកឧត្តមបានគូសបញ្ជាក់ថា យោងតាមចក្ខុវិស័យរបស់​រាជរដ្ឋាភិបាលបាន​និង​កំពុង​ធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកសិកម្មតាមរយ:ការធ្វើទំនើបកម្មលើវិស័យកែច្នៃ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ បង្កើនតម្លៃបន្ថែម ដើម្បីធ្វើការប្រកួតប្រជែង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការបង្កើនផលិតភាព ការធ្វើពិពិធ​ភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ការគ្រប់គ្រង​ធនធានជលផល និងព្រៃឈើប្រកបដោយចីរភាព ការពង្រឹងស្ថាប័ន ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធជនបទ ការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងការអភិវឌ្ឍធនធានមនុស្ស​ផ្អែកលើ​គោល​ការណ៍​អាទិភាពចំនួន៤ គឺ “មនុស្ស ផ្លូវ ភ្លើង និងទឹក”។ ឯកឧត្ដមបន្តថា វិស័យកសិកម្មនៅតែ​បំពេញតួនាទីយ៉ាងសំខាន់ដើម្បីចីរភាពកំណើនសេដ្ឋកិច្ច-សង្គមនៅ​ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។

ឯកឧត្ដមរដ្ឋមន្រ្ដីបានស្នើឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានឆន្ទៈចូលរួមអភិវឌ្ឍន៍​បន្តទៀត និងវិនិយោគវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នដោយផ្សាភ្ជាប់​ទៅ​នឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានាឆ្នាំ២០៣០ ការធ្វើសមាហរណកម្ម​សេដ្ឋ​កិច្ច​អាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាស ធាតុ និង​ការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងទិសដៅប្រែក្លាយ កសិកម្មកម្ពុជាឱ្យទៅជា​កសិកម្ម​ទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព កំណើនប្រាក់ចំណូលដើម្បីរួមចំណែកធ្វើឱ្យសម្រេចនូវចក្ខុវិស័យនៅឆ្នាំ២០៣០ និង ២០៥០។

ឯកឧត្ដមបានបន្ថែមថា ដើម្បីដើរដល់គោលដៅនេះ ក្រសួងបាននិងកំពុងផ្សព្វផ្សាយ និងជំរុញឱ្យ​អនុវត្តន៍​បច្ចេកវិទ្យា នវានុវត្តន៍ថ្មីៗ ប្រើប្រាស់ធាតុចូលកសិកម្មសមស្របប្រកប​ដោយភាព​វៃឆ្លាត អភិវឌន្ឍន៍ធនធានមនុស្សសម្រាប់គាំទ្រ ផ្តល់ និងសម្រប​សម្រួលសេវា​ផ្សព្វផ្សាយកសិកម្ម ក៏ដូចជាការបង្កើតបរិយាកាសដល់កសិករ និងសហគមន៍កសិកម្ម​ក្នុងការ​ទទួលយក និងការ​ប្រើប្រាស់សេវាផ្សព្វផ្សាយព័ត៌មានបច្ចេកទេសកសិកម្មឱ្យ​បានទូលំ​ទូលាយ។ ក្រៅពីនេះ បង្កើនការ​យក​ចិត្តទុកដាក់​អភិវឌ្ឍន៍កសិដ្ឋានគំរូ និងពង្រឹងការគ្រប់គ្រង​សហគមន៍កសិកម្ម ដោយត្រូវផ្តល់​ការលើក​ទឹកចិត្ត និងពង្រឹងសមត្ថភាព ដើម្បីផលិត​ក្នុង​​ទ្រង់ទ្រាយធំតាមយន្តការផលិតកម្ម​កសិកម្មតាមកិច្ចសន្យា ដោយអនុវត្តន៍តាមស្តង់ដារ​ផលិត​កម្មប្រកបដោយនិរន្តរភាព រួម​បញ្ចូល​ទាំងការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គជាដើម។

ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម ឯកឧត្ដមរដ្ឋមន្រ្ដីបានណែនាំឱ្យអង្គភាព​អនុវត្តន៍គម្រោងត្រូវធ្វើបច្ចុប្បន្នភាពគោលដៅ គោលបំណង និងសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងការវិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងស្ថានភាពសេដ្ឋកិច្ចក្នុងបរិបទនៃ​សាកលភាវូប​នីយកម្ម។ បន្ថែមពីនេះទៀត អង្គភាពជំនាញ មន្រ្តី និងភ្នាក់ងារអនុវត្តន៍គម្រោងទាំងអស់​ត្រូវរៀនសូត្របន្ថែម​ទៀតអំពីបទពិសោធន៍ បញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង ដឹកនាំ និងអនុវត្តន៍គម្រោងឱ្យសម្រេចទទួលបានជោគជ័យ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានចាត់ទុកគម្រោង CASDP នេះពិតជាចូលរួមចំណែកក្នុងការ​សម្រេចនូវកំណើនសេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្រ្តដូចបានលើក​ឡើងខាង​ដើមនេះក៏ពិតមែន ប៉ុន្តែជាការ​ឆ្លើយ​តប ឯកឧត្ដមបានស្នើឱ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង និងមន្រ្តីអន្តរស្ថាប័ន​ពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសមត្ថភាព និងយកចិត្ត​ទុកដាក់អនុវត្តន៍សកម្មភាពការងាររបស់​ខ្លួនតាមភារកិច្ចឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា​ស្រប​​តាម​អភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដោយត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការសកម្មភាព ធ្វើយ៉ាងណាឱ្យ ការអនុវត្ត​គម្រោងបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកប​ដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយ​តបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុង​បរិបទ​បច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា គម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា(CASDP) បានអនុម័តដោយ​ធនាគារ​ពិភពលោក កាលពីខែមករា ឆ្នាំ២០១៩កន្លងមក ដែលមានថវិកាសរុប១០១.៦៧​លាន​ដុល្លារអាម៉េរិក ដែលក្នុងនេះ មានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១០លាន​ដុល្លារ និង​មានរយ:ពេល៦ឆ្នាំ (២០១៩-២០២៥)។ គម្រោងនេះ បានអនុវត្ដន៍នៅក្នុងខេត្តគោលដៅចំនួន ១២ រួមមាន៖ ខេត្តកំពង់ឆ្នាំង, បាត់ដំបង, ព្រះវិហារ, សៀមរាប, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម, កណ្តាល, កំពង់ស្ពឺ និងរាជធានីភ្នំពេញ៕

ដោយ ឡុង ស៊ីវ៉ាន់