អាជ្ញាធរខេត្តបន្ទាយមានជ័យលើកឡើងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់ប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាវត្ថុមានតម្លៃសម្រាប់​ប្រជាពលរដ្ឋ

AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — អភិបាលរងខេត្តបន្ទាយមានជ័យ លោក លីសារី បានមានប្រសាសន៍ថា វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលវត្ថុ(ប័ណ្ណកម្មសិទ្ធិដីធ្លី) គឺជាវត្ថុមានតម្លៃអាចនិយាយបានថា ជាអាយុជីវិត ជាមាស​ប្រាក់សម្រាប់ប្រជាពលរដ្ឋ​ប្រើប្រាស់ដើម្បីការពារ និងកាត់បន្ថយបញ្ហាជម្លោះដីធ្លី និងអាចទាញយកអត្ថប្រយោជន៍ដូចជា ដាក់បញ្ចាំធានាសម្រាប់ការខ្ចីប្រាក់ពីធនាគារ អាចផ្ទេរ ទិញ-លក់ ដើម្បីលើកស្ទួយដល់ជីវភាពគ្រួសារ​។

ការលើកឡើងបែបនេះរបស់លោក លី សារី ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នៅភូមិរង្វានលិច និងរង្វានកើតចំនួន២០៩៨ក្បាលដី និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្បាលដីនៅភូមិរោងគោដើម ចំនួន៥៧២ក្បាលដី ក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ដែលមានប្រជាពលរដ្ឋម្ចាស់ដី ចូលរួមសាទរយ៉ាង​ច្រើនកុះករនោះ។

លោក លី សារី បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃបំផុតបានប្រឹងប្រែង យកចិត្តទុកដាក់ជំរុញ ដល់​​អាជ្ញាធរផ្នែក​ពាក់ព័ន្ធ​ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ឱ្យបាន​លឿននៅគ្រប់ទីកន្លែងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋយើង។ នាឱកាសនោះដែរ អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី ក៏បានមាន ប្រសាសន៍ ជំរុញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីមេត្តាប្រញាប់ប្រញាល់ទៅធ្វើការពិនិត្យ ផ្ទៀងផ្ទាត់មើលលើឯកសារទិន្នន័យក្បាលដីរបស់ខ្លួនដែលក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈឱ្យបានច្បាស់លាស់ហើយបើមានការខុសឆ្គងអ្វីមួយត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល​១៥ថ្ងៃព្រោះក្រោយការបិទផ្សាយនេះចប់ជាស្ថាពរអ្នកកាន់កាប់ដីធ្លី និងអង្គភាពពាក់ព័ន្ធទាំង​អស់មិនអាចតវ៉ាបានទៀតឡើយ។ ​

លោក លី សារី ក៏បានធ្វើការ​ក្រើនរម្លឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដីនៅតំបន់វិនិច្ឆ័យ ត្រូវចូលរួមសហការជាមួយក្រុមការ​ងារជំនាញដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យការអនុវត្តតាមនីតិវិធីនៃ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះប្រព្រឹត្តទៅប្រកបដោយភាព​ជោគជ័យ៕

ដោយ ឈុន សារ៉ាត