ចិនថ្កោលទោសការដាក់បញ្ចូលរបស់អាម៉េរិកនាយកដ្ឋាន ប៉ូលិស ស៊ីនជាំង នៅក្នុង « បញ្ជីអង្គភាព »

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — ការិយាល័យក្រុមដឹកនាំប្រឆាំងអំពើភេរវកម្មថ្នាក់ជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធនេះ​បានសម្តែងការថ្កោលទោស​ និងប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះស.រ.អា ដែលបានបន្ថែមអង្គភាពចិនដែលរួម​មាន​ទាំងនាយកដ្ឋានប៉ូលិសនៅ ស៊ីនជាំង នៅក្នុង « បញ្ជីអង្គភាព » របស់ខ្លួននោះ ។

គេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យនេះបានទទូចដល់ភាគីអាម៉េរិក​ឱ្យ​កែតម្រូវជាបន្ទាន់ការអនុវត្តខុស ,ដកចេញនូវការសម្រេចដែលខុស ព្រមទាំង​បញ្ឈប់ការចូលជ្រៀត​ជ្រែក​ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។

សេចក្តីថ្លែងការណ៍នោះនិយាយថា វិធានការដែលប្រកាន់យកដោយតំបន់ស្វយ័ត​ស៊ីនជាំង​អ៊ុយ​​ហ្គួរប្រឆាំងនឹងអំពើភេរវកម្មនិងលទ្ធិជ្រុលនិយមនេះ គឺសំដៅលុបបំបាត់មូលដ្ឋាន​ដែលបង្ករ​បង្កើត​របស់​ពួកគេព្រមទាំងស្របទាំងស្រុងជាមួយច្បាប់ចិន និងការអនុវត្តជាអន្តរជាតិ ។

សេចក្តីថ្លែងការណ៍នេះនិយាយថា ប៉ូលិសនៅស៊ីនជាំង បានប្រតិបត្តិនូវភារកិច្ចរបស់ខ្លួន​ត្រឹមត្រូវ​តាម​​​ច្បាប់,ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពសកម្មភាពភេរវកម្មនឹងបានការពារស្ថិរភាពសង្គម ព្រមទាំង​សុវត្ថិ​ភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនដោយកត់សម្គាល់ថា ពួកគេមិនគ្រាន់តែបានទទួលការគាំទ្រ​ពីប្រជាជន២៥លាននាក់​ នៃក្រុមជនជាតិភាគតិចទាំងអស់នៅស៊ីនជាំងប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើ​ការ​រួមចំណែកយ៉ាងសំខាន់ផងដែរ ដល់បុព្វហេតុជាអន្តរជាតិប្រឆាំងនឹងអំពើភេរវកម្ម ។

សេចក្តីថ្លែងការណ៍នោះនិយាយថា របស់ដែលហៅថា បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំងដែលមិនមាន​សោះនោះ គឺគ្រាន់តែជាការចោទប្រកាន់ដោយចេតនាមួយធ្វើឡើងដោយ ស.រ.អា ដើម្បីចូលជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិនប៉ុណ្ណោះ ។

ការិយាល័យនោះបាននិយាយថា ទង្វើរបស់ ស.រ.អា បានធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការ​ពង្រឹងច្បាប់និងការផ្លាស់ប្តូរគ្នារវាងប្រទេសទាំងពីរ ។

សេចក្តីថ្លែងការណ៍បាននិយាយថា ចិននឹងបន្តចាត់វិធានការដែលមានប្រសិទ្ធភាព ដើម្បីបង្រាប​ដោយមានការតាំងចិត្តលើអំពើភេរវកម្ម និងលទ្ធិជ្រុលនិយមស្របទៅតាមច្បាប់ ព្រមទាំងការពារយ៉ាងរឹង​មាំស្ថិរភាពសង្គមនៅស៊ីនជាំង ក៏ដូចជាអធិបតេយ្យភាព,សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍​របស់ប្រ​ទេស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)