រដ្ឋមន្រ្តីម៉ាឡេស៊ី៖ អតីតរដ្ឋាភិបាលមានកង្វះខាត អំពីតម្លាភាពក្នុងការដោះស្រាយទ្រព្យសម្បត្តិ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក Lim Guan Eng បានបញ្ជាក់ថា រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ដែលដឹកនាំដោយរណសិរ្សជាតិបានបង្ហាញអំពីកង្វះខាតនៃតម្លាភាពក្នុងប្រតិបត្តិការទ្រព្យសម្បត្តិដែលមានតម្លៃជាង ៤ប៊ីលានដុល្លារអាម៉រិកក្នុងអំឡុងឆ្នាំ ២០១០ – ២០១៧ ។

លោក Lim បាននិយាយថា ការលក់ដីរបស់រដ្ឋាភិបាលភាគច្រើននៅក្នុងអំឡុងពេលនេះត្រូវបានធ្វើឡើងតាមរយៈការចរចាដោយផ្ទាល់ និងមិនមែនផ្អែកលើការដេញថ្លៃដោយបើកចំហនោះទេ។ លោកបាននិយាយបន្ថែមថា ដីចំនួន ១៤ឡូត៍ដែលគ្រប់គ្រងដោយស្នងការសហព័ន្ធនៅក្នុងទីក្រុងគូឡាឡាំពួរ និងដីពីរកន្លែងទៀតនៅ Selangor ត្រូវបានលក់ចាប់តាំងពីឆ្នាំ ២០១០ ដល់ខែកញ្ញា ឆ្នាំ ២០១៩ ក្នុងលក្ខណៈគួរឱ្យសង្ស័យ។

បច្ចុប្បន្ននេះ លោក Razak ផ្តោតសំខាន់លើរឿងអាស្រូវពាក់ព័ន្ធនឹងមូលនិធិ 1MDB ដែលត្រូវបានបង្កើតឡើងដោយខ្លួនគាត់ផ្ទាល់ក្នុងឆ្នាំ ២០០៩ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី និងសហរដ្ឋអាមេរិកបាននិយាយថា មូលនិធិនេះបានខាតបង់ថវិកាប្រមាណជិត ៤,៥ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះថវិកាប្រមាណជា ១ប៊ីលានដុល្លារអាម៉េរិក ត្រូវបានផ្ញើទៅចូលគណនីធនាគារាផ្ទាល់ខ្លួនរបស់លោក Razak ។

ពេលនេះ អតីតនាយករដ្ឋមន្រ្តីរូបនេះកំពុងប្រឈមនឹងអំពើពុករលួយ និងការលាងលុយចំនួន ៤២ករណី។ លោកបានសារភាពថា លោកមិនមានកំហុសនោះទេ ហើយបានចោទប្រកាន់ថា ការចោទលើរូបលោកនេះ គឺជាហេតុផលនយោបាយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)