វៀតណាម និងសហរដ្ឋអាមេរិកស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៩ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានទទួលបដិសណ្ឋារកិច្ចជំនួយការរដ្ឋមន្រ្តីក្រសួងការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ – ប៉ាស៊ីហ្វិកក្នុងរដ្ឋាភិបាលអាម៉េរិក លោក Randall Schriver ដែលកំពុងបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសវៀតណាម។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះ លោក Vinh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងសហរដ្ឋអាមេរិកមានការវិវឌ្ឍន៍ជាវិជ្ជមានលើផ្នែកផ្សេងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការដោះស្រាយផលវិបាកសង្គ្រាម ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកបាននិយាយថា ជាឧទាហរណ៍ជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិដែលកំពុងមានការរីកចម្រើន ភាគីទាំងពីរបានចាប់ផ្តើមគម្រោង ស្តីពីការបន្សាបជាតិពុលឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa នៅភាគខាងត្បូងខេត្ត Dong Nai បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងស្រដៀងគ្នានេះនៅអាកាសយានដ្ឋាន Dan Nang នៅខេត្តភាគកណ្តាល។

លោកបាននិយាយបន្ថែមថា ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក ដើម្បីគាំទ្រជនពិការនៅតាមតំបន់ចំនួន ៧ នៅក្នុងប្រទេស          វៀតណាម ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីត។

សម្រាប់សហរដ្ឋអាមេរិក លោក Schriver បានពាំនាំនូវគោលបំណងរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper ដែលនឹងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។

លោកបាននិយាយថា តាមរយៈដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរនឹងផ្តល់នូវសកម្មភាព និងកម្មវិធីកិច្ចសហប្រតិបត្តិការជាក់លាក់ជាច្រើន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែមានភាពស៊ីជម្រៅក្នុងលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាពស្របតាមភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀតណាម និងសហរដ្ឋអាមេរិក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)