ក្រុមប្រជាពលរដ្ឋនៅខណ្ឌទួលគោកបន្តអោយអាជ្ញាធរជួយដោះស្រាយបញ្ហាជាច្រើននៅមូលដ្ឋាន របស់ខ្លួន

វិទ្យុជាតិកម្ពុជា ហុក សុខរិន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩

ក្រុមប្រជាពលរដ្ឋនៅខណ្ឌទួលគោកបន្តអោយអាជ្ញាធរជួយដោះស្រាយបញ្ហាកកស្ទះសំរាម គ្មានចំណតសាធារណៈ ការកែលម្អជួសជុលជង្ហុកសំបុកមាន់ រួមទំាងការស្តារប្រព័ន្ធ ប្រឡាយលូជាដើមនៅក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ផងនិងលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់ស្អាតផងដែរ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌទួកគោកនាព្រឹកថ្ងៃទី១០ ខែតុលានេះ ក្រុមប្រជាពលរដ្ឋបានលើកបញ្ហាប្រឈម សំខាន់ៗជាច្រើនដើម្បីដាក់អោយអាជ្ញាធររាជធានី ខណ្ឌនិងមន្ទីរជំនាញជួយដោះស្រាយ ដូចជា ការប្រមូលសំរាមមិនទាន់បានល្អរបស់ក្រុមហ៊ុនស៊ិនទ្រី បណ្តាញផ្លូវនៅភូមិនមួយចំនួនក្នុង សង្កាត់បឹងសាឡាង និងតំបន់បឹងកកសំបូរទៅដោយជង្ហុកសំបុកមាន់ ដែលទាមទារអោយ អាជ្ញាធរចាត់វិធានការជួសជុលកែលម្អជាបន្ទាន់ ដើម្បីងាយស្រួលសល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ។ បន្ថែមពីនេះទៀតក្រុមប្រជាពលរដ្ឋក៏បានឡើងពីបញ្ហាការចតយានយន្តគ្មានសណ្តាប់ ធ្នាប់ដែលរំខានដល់ការធ្វើដំណើរ ហើយសម្រាប់បណ្តាញលូសាធារណៈមួយចំនួនបានខូចឬស្ទះ ដែលធ្វើឲ្យទឹកភ្លៀងហូរពុំបានលឿនប្រឈមដល់ការជន់លិចជាដើម។
លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានអៈអាងថា រាល់សំណើនិងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងទំាងអស់នេះ អាជ្ញាធរនិងធ្វើការដោះស្រាយទៅតាមជំនាញ។ ជាក់ស្តែងការជួសជុលផ្លូវ ជង្ហុកសំបុកមាន់ និងការដាក់លូបន្ថែម នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ ក្រោយនេះ។ លោកបញ្ជាក់ថា សម្រាប់បញ្ហាចតយានយន្តគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុង ភូមិសាស្រ្តនៃខណ្ឌទួលគោក គឺចាប់ពីពេលនេះទៅកម្លាំងសមត្ថកិច្ចនឹងប្រើខ្នោះចាក់រថយន្តទំាង នោះនៅនឹងកន្លែងឬអួសទៅអធិការនគរបាលខណ្ឌដើម្បីដោះស្រាយតាមវិធានការច្បាប់។ បន្ថែមពីនេះទៀតលោកអភិបាលខណ្ឌបានបញ្ជាក់ថា ក្រុមការងារខណ្ឌនឹងបន្តពិភាក្សាជាមួយ ក្រុមហ៊ុនស៊ិនទ្រី ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុននេះផ្តល់សេវាប្រមូលសំរាមនៅតាមមូលដ្ឋានឲ្យ បានល្អ ដើម្បីកាត់បន្ថយកុំឲ្យមានគំនរសំរាមនៅតាមដងផ្លូវដែលនាំឲ្យប៉ៈពាល់ដល់បរិស្ថាន និង សោភ័ណភាពទីក្រុង។ សម្លេង«
ឯកឧត្តមប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ការបើកវេទិកា និងពិគ្រោះយោបល់រវាងអាជ្ញាធរ និងប្រជាពលរដ្ឋនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាល រាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរមតិយោបល់ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយ ចីរភាព តម្លាភាព និងប្រសិទ្ធភាព។សម្លេង«
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សារាជធានីបានទទួលសំនួរ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក មានរហូតដល់១០៦បញ្ហា ក្នុងនោះ បានដោះស្រាយរួចរាល់ជូនប្រជាពលរដ្ឋបានចំនួន៨៤បញ្ហា បានសិក្សាដាក់បញ្ជូលក្នុងកម្មវិធីវិនិ យោគ៣ឆ្នាំរំកិលមានចំនួន២១បញ្ហា និងមិនទាន់ដោះស្រាយមានចំនួន១បញ្ហា៕