ឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីម អញ្ជើញ ចែកស្រូវពូជដល់ប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ

វិទ្យុជាតិកម្ពុជា​៖ដោយលោក ជួន រតនាវង្ស ខេត្តកំពង់ចាម៖


ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោកជំទាវ អមដំណើរដោយ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងរុក្ខាប្រមាញ់ និង នេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលនិងចែកស្រូវពូជជូនប្រជាពលរដ្ឋចំនួន២ឃុំគឺឃុំទងត្រឡាចនិងឃុំជីបាលក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរបានអោយដឹងថាគិតមកត្រឹមពេលនេះទឹកជំនន់បានធ្វើអោយមានផលប៉ះពាល់ លិចភូមិចំនួន៦៩ដោយបង្កអោយប៉ះពាល់ប្រជាពលរដ្ឋចំនួន១៧៣៧គ្រួសារក្នុងនោះលិចផ្ទះចំនួន១៧៣៧ខ្នង ផ្ទះរុះរើដោយច្រាំងបាក់ចំនួន៣៩ខ្នង លិចវត្ត១០កន្លែងនិងសាលារៀន៨កន្លែង។ លោក បានអោយដឹងទៀតថាទឹកទំនន់ក្រៅពី បានធ្វើអោយប៉ះពាល់ដល់ ផ្លូវដី ផ្លូវបេតុង ស្ពាន ទំនប់ បាក់ច្រាំងទន្លេ ក៏ធ្វើអោយប៉ះពាល់ដល់ផលដំណាំនិងខូចខាតស្រូវពង្រោះរបស់ប្រជាកសិករនៅស្រុកស្រីសន្ធរ អស់ចំនួន១១២ហិកតាថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីមមានប្រសាសន៏ថាទឹកជំនន់ឆ្នាំនេះបានធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បិត្តសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម អស់ជាច្រើនកន្លែង ជាពិសេសនៅក្នុងស្រុកស្រីសន្ធរជាដើម។
ឯកឧត្តម បានបញ្ជាក់ថាសព្វថ្ងៃនេះរាជរដ្ឋាភិបាលបានកំពុងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះបានដឹកនាំក្រុមការងារចុះស្រាវជ្រាវទិន្និន័យដើម្បីធ្វើការស្តារឡើងវិញនូវការខូចខាតទាំងឡាយដែលបង្កឡើងដោយសារគ្រោះទឹកជំនន់។
ឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីមបានសំណូមពរដល់ប្រជាកសិករទាំងអស់ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញអោយបានទាន់រដូវ ដើម្បីលើកស្ទួយជីវភាពរស់នៅអោយបានប្រសើរឡើង។
បន្ទាប់មកឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីម ឯកឧត្តម អ៊ុន ចាន់និងក្រុមការងារក៏បានចែកស្រូវពូជសែនក្រអូប ដល់ប្រជាពលរដ្ឋចំនួន៦ឃុំដើម្បីធ្វើការដាំដុះឡើងវិញអោយបានទាន់ពេលវេលាក្នុងនោះសម្រាប់ផ្ទៃដី១ហិកតាទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម៕