ប្រធានរដ្ឋសភាកម្ពុជាស្នើដល់ឯកអគ្គរដ្ឋទូតបង់ក្លាដេសធ្វើកិច្ចសហការជាមួយស្ថាប័ននានានៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ វ៉ាង​ ភក្តី​៖

ប្រធានរដ្ឋសភាកម្ពុជាស្នើដល់ឯកអគ្គរដ្ឋទូតបង់ក្លាដេសធ្វើកិច្ចសហការជាមួយស្ថាប័ននានានៅកម្ពុជា ដើម្បីលើកកម្ពស់ទាំងកិច្ចសហប្រតិបត្តិការផ្នែកការទូត ពាណិជ្ជកម្ម និងវប្បធម៌ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ននានា របស់កម្ពុជា នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាឲ្យកាន់តែស្អិតរមួតថែមទៀត។
ថ្លែងក្នុងឱកាសទទួលជំនួបសវនាការជាមួយ ឯកឧត្តម ណាហ្សមុល កាវនិន ( Nazmul Quaunine) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ប្រចំានៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី បានបញ្ជាក់ថា រដ្ឋសភាកម្ពុជាចង់ឃើញប្រទេសទំាងពីរកម្ពុជា-បង់ក្លាដេស បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។ សម្តេចពញាចក្រី បន្តថា រដ្ឋសភាកម្ពុជា បានត្រៀមខ្លួនជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់ឯកឧត្តម ណាហ្សមុល កាវនិន នៅកម្ពុជាទទួលបានជោគជ័យ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាឲ្យកាន់តែស្អិតរមួតថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នាលើវិស័យអាទិភាពជាច្រើន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា សំដៅនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង និងរួមចំណែកយ៉ាងធំធេងដល់ការការពារ និងថែរក្សាសុខសន្តិភាព ក្នុងតំបន់ និងសកលលោក នៅក្នុងបរិបទសភាពការណ៍សកលលោកប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃ។
ឯកឧត្តម ណាហ្សមុល កាវនិន បានទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលមានបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងសងខាង។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំសម្តេចពញាចក្រី ហេង សំរិន ជួយជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងក្រុមមិត្តភាពរដ្ឋសភាកម្ពុជានិងបង់ក្លាដេស ពិសេសដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាកម្ពុជា-បង់ក្លាដេស ទៅកាន់ប្រទេសបង់ក្លាដេសក្នុងពេលសមស្របណាមួយ។ ជាមួយគ្នានេះ បានពាំនាំការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាបង់ក្លាដេស គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅបង់ក្លាដេសផងដែរ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលកើតមានតំាងពីសម្តេចព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេសឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា រហូតមកដល់ពេលបច្ចុប្បន្ន នាយករដ្ឋមន្រ្តីប្រទេសទំាងពីរបានបន្តវប្បធម៌ដ៏ល្អនោះ ក្នុងនោះថ្នាក់ដឹកនាំបង់ក្លាដេសបានសម្រេចយកព្រះនាមសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដាក់ឈ្មោះមហាវិថីមួយនៅប្រទេសបង់ក្លាដេស ខណៈកម្ពុជាបានសម្រេចយកឈ្មោះអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេស ដាក់ឈ្មោះមហាវិថីមួយដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកសំណើខាងលើនេះ និងបានគូសបញ្ជាក់ថា សម្តេចនឹងខិតខំជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ។
តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចបានគោរពអញ្ជើញលោកជំទាវប្រធានរដ្ឋសភា បង់ក្លាដេស មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អ៊ឺរ៉ុប(ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ ខាងមុខផងដែរ៕