សម្តេចតេជោ បានរំលឹកថា ការបង្កើតធនាគារកណ្តាលឡើងវិញនៅកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺផ្តើមចេញពីបាតដៃទទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា ការបង្កើតធនាគារកណ្តាលឡើងវិញនៅកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺផ្តើមចេញពីបាតដៃទទេ រចនាសម្ព័ន្ធធនាគារជាតិត្រូវបានបំផ្លាញទាំងស្រុង, ធនធានមនុស្សត្រូវបានកាប់សម្លាប់, គ្មានរូបិយវត្ថុ, គ្មានចរាចរទំនិញ, គ្មាន ទីផ្សារ ជាមួយនឹងការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ច និង ការផាត់ចេញពីឆាកអន្តរជាតិទៀតផង។សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ នៅថ្ងៃទី១០ ខែតុលានេះ។សម្តេចតេជោ បានបន្តថា តាមរយៈនេះ កម្ពុជាបាន ប្រកាន់យកគោលការណ៍ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និង អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ជាមួយនឹងជំនួយ បច្ចេកទេសរបស់ប្រទេសជាមិត្ត គឺវៀតណាម និង សហភាពសូវៀត ដែលកត្តានេះ មានស្ថានភាពខុសគ្នាពីប្រទេសមួយចំនួន ដូចជា បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើត ជាដើម ក្រោយសង្គ្រាមត្រជាក់, ប្រទេសទាំងនោះ បានបង្កើតធនាគារកណ្តាល របស់ខ្លួន ដោយមានទាំងធនធានមនុស្ស និង ហិរញ្ញវត្ថុ ព្រមទាំងមានការគាំទ្រពីអន្តរជាតិ ពិសេសពីបណ្តាប្រទេសអភិវឌ្ឍ។សម្តេចតេជោ បញ្ជាក់ថា រូបិយវត្ថុជាតិ ប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញ នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ ជាមួយនឹងការអបអរសាទរ និង ការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា, នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ហើយក៏ជាជោគជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាតិ។ ក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនាពេលនោះ, សម្តេច បានដឹកនាំធ្វើការកែទម្រង់សេដ្ឋកិច្ចជាបន្ត បន្ទាប់ ដើម្បីឱ្យសកម្មភាពសេដ្ឋកិច្ចឤចដំណើរការទៅមុខបាន ដោយផ្អែកលើគោលការណ៍ទីផ្សារ និង ការបើកចំហឱ្យ មានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និង វិស័យឯកជន ។ ពេលនោះ, ខ្ញុំបានធ្វើការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការបើក លទ្ធភាពឱ្យកម្ពុជាឈានទៅអនុវត្តសេដ្ឋកិច្ចទីផ្សារបានដោយរលូន ស្របតាមរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ ១៩៩៣ ។ ទន្ទឹមនេះ, ធនាគារ កណ្តាលក៏បានប្តូរឈ្មោះដើមវិញ គឺ ធនាគារជាតិនៃកម្ពុជា ដែលមានតួនាទីជាឤជ្ញាធរគ្រប់គ្រងវិស័យធនាគារ, ចំណែកឯ ធនាគារញណិជ្ជ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជន ហើយរតនាគារជាតិត្រូវបានបំបែក ចេញពីធនាគារជាតិនៃកម្ពុជា ។