សម្តេចតេជោ ថ្លែងថា វិស័យធនាគារបានក្លាយជាសសរស្តម្ភមួយ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មជ្ឈដ្ឋានជាតិ និង អន្តរជាតិ បានទទួលស្គាល់តួនាទីស្នូលរបស់វិស័យធនាគារ ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ស្ថិរភាព ហិរញ្ញវត្ថុ, ការលើកស្ទួយជីវភាពរស់នៅ និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសតាមរយៈវិស័យមីក្រូហិរញ្ញវត្ថុ។ ទន្ទឹមនេះ, ធនាគារជាតិនៃកម្ពុជាបានរក្សា ស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និង ការគរពូនទ្រព្យសម្បត្តិជាតិឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ ៣% ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ នៅថ្ងៃទី១០ ខែតុលានេះ សម្តេចតេជោ បានបន្តថា ក្នុងរយៈពេល ៤០ ឆ្នាំ ចុងក្រោយនេះ, វិស័យធនាគារកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ។ កម្ពុជាមានប្រព័ន្ធ ធនាគារប្រកបដោយប្រសិទ្ធភាព, បរិយាប័ន្ន និង សមាហរណកម្មខ្ពស់ ទៅក្នុងតំបន់ និង អន្តរជាតិ ព្រមទាំងបំពេញបាន នូវសេចក្តីត្រូវការផ្នែកសេវាហិរញ្ញវត្ថុ កាន់តែទូលំទូលាយនៅទូទាំងប្រទេស។វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាជនទូទាំង ប្រទេស ជាពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះ ប្រជាជនពេញ វ័យប្រមាណ ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទានតាមរយៈប្រព័ន្ធធនាគារបានកើនឡើងដល់១១៥%នៃផលិត ផលសរុបក្នុងស្រុក(ផសស) សម្រាប់បំពេញសេចក្តីត្រូវការពង្រីកឤជីវកម្មលើគ្រប់វិស័យ ។ តាមរយៈឥណទានវិស័យធនាគារ, ប្រជាជនកម្ពុជាមានឱកាសពង្រីក ឤជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរ ឤចទិញលំនៅដ្ឋានបានសមរម្យ ដែល ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ភាពសុខដុមរមនារបស់សង្គមជាតិទាំងមូល ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំបានអនុញ្ញាតឱ្យសាងសង់អគារធនាគារជាតិនៃកម្ពុជាថ្មី លើទីតាំងចាស់, ទន្ទឹមនេះ យើង មានមោទនភាពដែលកម្ពុជាមានអគាររោងពុម្ព សម្រាប់បោះពុម្ព រូបិយបណ្ណប្រាក់រៀល ដោយខ្លួនឯង នៅក្នុងប្រទេសរបស់ ខ្លួន ខណៈដែលប្រទេសមួយចំនួននៅក្នុងតំបន់ មិនទាន់មានលទ្ធភាពនៅឡើយ ។