គណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន មកបំពេញទស្សនកិច្ចខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ –លោក HONG ZUBIN ដឹកនាំគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារឈ្វេងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ ជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ មន្ត្រីក្នុងខេត្ត និងអភិបាលក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពីការរីកចម្រើនរបស់ខេត្ត ស្របតាមនយោបាយ ផ្លូវមួយ ខ្សែក្រវាត់១ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីងពីង និងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យខេត្តព្រះសីហនុ មានការរីកលូតលាស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងជំរុញការអភិវឌ្ឍ ទាក់ទាញវិនិយោគទុន ធ្វើឱ្យខេត្តព្រះសីហនុទទួលបានអ្នកវិនិយោគិនយ៉ាងច្រើនមកធ្វើការវិនិយោគ ។ រយៈពេល ២ឆ្នាំនេះ ពិសេសអ្នកវិនិយោគចិនបានមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ម្យ៉ាងទៀតខេត្តមានសក្តានុពលដូចជា ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូន តំបន់ទេសចរណ៍ឆ្នេរសមុទ្រស្រស់ស្អាត បានផ្តល់ភាពទាក់ទាញដល់អ្នកវិនិយោគិនជាច្រើន ។

ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណងដែលមានសក្តានុពល និងទីតាំងភូមិសាស្ត្រផលិតអគ្គិសនី ព្រលានយន្តហោះ តាមរយៈការវិនិយោគធ្វើឱ្យខេត្តមានការប្រែប្រួល ។ កាលពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ខេត្តព្រះសីហនុ ជាខេត្តពាណិជ្ជកម្ម មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុងត្រៀមដំណើការ ក្នុងការទាក់ទាញក្រុមហ៊ុនប្រមាណជា ៣០០ក្រុមហ៊ុន មកវិនិយោគ នៅតាមតំបន់សេដ្ឋកិច្ច និងផ្តល់ការ ងារជូនប្រជាពលរដ្ឋជាង ៨ម៉ឺននាក់ ការរីកចម្រើនចុងក្រោយនេះ បានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ប្រឡាយកំពុងប្រឈមផងដែរ ។ សម្តេចតេជោ បានជំរុញឱ្យក្រសួង ស្ថាប័នចុះមកជួយកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុ នៅរដូវប្រាំងខាងមុខ យើងនឹងចាប់ផ្តើមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ និងវិនិយោគ ។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅអាចទទួលការចូលចត ផ្តល់ឱកាសដល់ការដឹកជញ្ជូនមានភាពងាយស្រួល មានផ្លូវគមនគមន៍ដឹកជញ្ជូនទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា យើងមានសក្តានុពលជាច្រើនផ្សេងទៀតដែលអាចផ្តល់ឱកាសដល់អ្នកវិនិយោគទុន ដើម្បីពិនិត្យ និងធ្វើការសិក្សា វិនិយោគនៅខេត្តព្រះសីហនុ ។ បច្ចុប្បន្នការវិនិយោគឧស្សាហកម្មធុនស្រាល យើងចង់ឱ្យខេត្តព្រះសីហនុមានឧស្សាហកម្មធុនធ្ងន់បន្ថែមទៀត ងាយស្រួលដឹកជញ្ជូនចែកចាយក្នុងស្រុក និងធ្វើការនាំចេញទៅកាន់បណ្តាប្រទេសមួយចំនួនកាន់តែងាយស្រួល ។ ចំណែកវិស័យទេសចរណ៍យើងមានសក្តានុពលដូចជាឆ្នេរ កោះ ផ្កាថ្មក្រោមបាតសមុទ្រសុទ្ធសឹងជាការទាក់ទាញយ៉ាងសំខាន់ដល់ភ្ញៀវទេសចរ និងស្វាគមន៍ចំពោះវិនិយោគិនទាំងអស់ដែលមកកាន់ខេត្តព្រះ សីហនុ សិក្សាដើម្បីបោះទុនវិនិយោគនៅទីនេះបន្ថែមទៀត ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា យើងចង់បានអ្នកវិនិយោគមកសិក្សាពីវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដែលមានផ្កាថ្ម ព្រៃកោងកាង ឆ្នេរសមុទ្រ តំបន់កោះ ជាកន្លែងផ្តល់សក្តានុពលទេសចរណ៍កម្សាន្តស្ទូចត្រី និងការរៀបចំសួនផ្កាជាដើម ជាការទាក់ទាញ និងរៀបចំជាមហោស្រព សង្ឃឹមថា ប្រតិភូចាប់អារម្មណ៍លើវិស័យទេសចរណ៍កាន់តែច្រើន ។

លោក HONG ZUBIN ប្រធានគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។ ក្រុមប្រតិភូរបស់លោកមកសិក្សាឈ្វេងយល់ពីសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ ។ល។ តាមការសង្កេតរបស់ប្រតិភូនាពេលនេះឃើញថា ខេត្តព្រះសីហនុ រយ:ពេលចុងក្រោយនេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត ទាក់ទងហេដ្ឋារចនាសម្ព័ន្ធ វិស័យសំណង់នានាមានការរីកចម្រើន ប្រតិភូក៏ចង់ដឹងពីវិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម កសិកម្ម ការវេចខ្ចប់ ការកែច្នៃផលិតផលកសិកម្ម ហើយសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការកាន់តែល្អបន្ថែមទៀត សម្រាប់ធ្វើការវិនិយោគនៅខេត្តព្រះសីហនុ នាពេលខាងមុខ ៕

ដោយ ងូ សុមុនី