អភិបាលខេត្ត​កំពត​ជំរុញមន្ដ្រីច្រកចេញ-ចូលតែមួយ និងមន្ទីរជំនាញត្រូវសហការគ្នាផ្តល់សេវារបស់ខ្លួនឱ្យត្រឹមត្រូវ

AKP ខេត្តកំពត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ –​នៅក្នុងឱកាសនៃកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំ​កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ​ អភិបាលខេត្តកំពត ដែលចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងមន្ត្រីចំណុះរដ្ឋបាលខេត្តកំពតទាំងមូល។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ​ ក៏បានធ្វើការណែនាំក្រើនរម្លឹកនិងជំរុញដល់មន្ត្រីនៃអង្គភាពច្រកចេញ-ចូលតែមួយ និងមន្ទីរជំនាញ ត្រូវសហការគ្នាឱ្យបានល្អថែមទៀត ដើម្បីធ្វើការងារផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវតាមការកំណត់របស់អង្គភាពច្រកចេញ-ចូលតែមួយ ។ ចៀសវាងឱ្យបានដាច់ខាត់ចំពោះឯកសារទាំងឡាយណាដែលចូលតាមច្រកចេញ-ចូលតែមួយ ប៉ុន្តែចេញតាមបណ្តាមន្ទីរជំនាញ ហើយបើសិនរកឃើញថា មន្ត្រីរូបណាដែលប្រព្រឹត្តខុសគោលការណ៍កំណត់របស់ច្បាប់ស្តីអំពីច្រកចេញ-ចូលតែមួយ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម ជាវ  តាយ ក៏បានបន្តលើកឡើងទៀតថា អង្គភាពច្រកចេញ-ចូលតែមួយត្រូវបម្រើការងារជូនអ្នកមកទទួលសេវាឱ្យបានឆាប់រហ័ស ស្របតាមនីតិវិធីច្បាប់ដែលបានកំណត់។ ក្នុងករណីការងារផ្នែកវិស័យណាមួយ មានភាពរាំងស្ទះត្រូវរាយការណ៍ជូនមករដ្ឋបាល ខេត្ត ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា បញ្ហា​ដែលក្នុងនោះមានជារឿយៗ អ្នកមកទទួលសេវា ពិសេសប្រជាពលរដ្ឋដែលត្រូវការប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីយកទៅប្រើប្រាស់ក្នុងភាពចាំបាច់តែងរអ៊ូរទាំអំពីការលំបាកចំពោះបញ្ហានេះ។ ជាក់ស្តែងបើតាមរបាយការណ៍ដែលបានទទួលគឺមានតួរលេខភាពខុសគ្នា ដោយខាងមន្ទីរសុរិយោដីថា សំណុំឯកសារដែលទទួលបានមានប្រមាណ៥០០ ទៅ៦០០ក្នុងមួយខែ ប៉ុន្តែខាងអង្គភាពច្រកចេញ-ចូលតែមួយថា មានជាង១.០០០សំណុំឯកសារ។

ឯកឧត្តម ជាវ តាយ បានបន្តថា បញ្ហានេះបណ្តាលមកពីខ្វះការទំនាក់ទំនងគ្នា ហើយ មន្ត្រីច្រកចេញ-ចូលតែមួយត្រូវសួរនាំមើលថា បើដាក់ចូលតាមច្រកចេញ-ចូលតែមួយហើយ តើចេញទៅវិញតាមណា?។ ជាធម្មតាចូលតាមណាត្រូវចេញតាមហ្នឹង នោះទើបតួលេខត្រូវគ្នា ។ គោលការណ៍មានស្រាប់ហើយគឺច្រកចេញ-ចូលតែមួយមានមន្ទីរជំនាញស្ថិតនៅពីក្រោយ (គឺមានមន្ត្រីជួរមុខ និងជួរក្រោយ) ចុះហេតុអ្វីមន្ត្រីជួរមុខនឹងជួរក្រោយបានទទួលសំណុំឯកការស្នើសុំសេវារបស់ប្រជាពលរដ្ឋខុសគ្នាទៅវិញ? ក្នុងករណីដែលរកឃើញថា មន្ដ្រីរូបណាដែលធ្វើការខុសគោលការណ៍ច្បាប់កំណត់របស់ច្រកចេញ-ចូលតែមួយ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់។

ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរម្លឹកថា ករណីបែបនេះចាំបាច់ត្រូវតែកែសម្រួលឡើងវិញ ពោលគឺមិនអាចឱ្យការងារបម្រើសេវាជូនប្រជាពលរដ្ឋនៅយឺតយ៉ាវបន្តទៀតឡើយ។ ដូច្នេះ អង្គភាពច្រកចេញ-ចូលតែមួយ និងមន្ទីរជំនាញត្រូវសហការគ្នាឱ្យបានល្អរវាងគ្នាទើបបានដំណើរការរលូនទៅមុខល្អ ៕

ដោយប្រាក់ លាង