ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ស្រី​ ផន​ វាសនា​៖

សម្តេចតេជោ បានចាត់ទុក រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា ដូច្នេះ ដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សម្រេចបាននូវសមិទ្ធផល សំខាន់ៗបន្ថែមទៀត ធនគារាជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្ត រក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និង ទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីលើក កម្ពស់អត្តសញ្ញាណ និង អធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និង ហិរញ្ញវត្ថុ ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ នៅថ្ងៃទី១០ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និង ផ្អែកលើយន្តការទីផ្សារ។ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និង អនុវត្តផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និង យុទ្ធសាស្ត្រស្តីពីបរិយាប័ន្ននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និង សង្គតិភាព សំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវា ហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពទំនើប ងាយស្រួល ទទួលបានតម្លៃទាប និង ប្រសិទ្ធភាពខ្ពស់ ។ ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។ធនាគារជាតិនៃកម្ពុជា, ស្ថាប័នញក់ព័ន្ធ និង គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជន, ត្រូវបន្តចូលរួមបង្កើនការយល់ដឹង និង ពង្រឹងវប្បធម៌ឥណទាន ដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានា ដែលឤចកើតឡើងជាយថាហេតុ នាបច្ចុប្បន្ន និង អនាគត ។ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធទាំងអស់, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមហាផ្ទៃ និង ក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បី ពង្រឹងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារ វិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និង អភិបាលកិច្ចល្អ ។