ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មី

AKP ភ្នំពេញ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​ –ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំ​កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង​​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងថែមទៀតរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើននាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងថែមទៀតរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចូលរួមចំណែកបំពេញតម្រូវការ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវភាពកក់ក្តៅ និងដោះស្រាយទាន់ពេលវេលា ចំពោះបាតុភាព ហានិភ័យ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រីបាន​គូសបញ្ជាក់ថា​ ​រថយន្តមន្ទីរពិសោធន៍ចល័តនេះក៏នឹងផ្តល់សេវាត្រួតពិនិត្យ និងវិភាគជូនដល់ប្រជាពលរដ្ឋ អាជីវករ នៅតំបន់ជនបទ ដែលអាចធ្វើការវិភាគ និងទទួលបានលទ្ធផលលឿន ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីជំនាញកាំកុងត្រូល អាចចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្រ្តីបានប្រសាសន៍ថា តាមរយៈរថយន្តមន្ទីរពិសោធន៍ចល័តនេះ អគ្គនាយកដ្ឋានកាំកុងត្រូលនឹងចូលរួមកែតម្រូវគោលនយោបាយ ដើម្បីគ្រប់គ្រងនូវកិច្ចការសមស្របទៅតាមច្បាប់កំពុងអនុវត្តន៍ទៅលើសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងឱ្យមានសមភាព។ គិតមកដល់ពេលនេះ រថយន្តមន្ទីរពិសោធ ន៍ចល័តផ្នែកចំណីម្ហូបអាហារមានចំនួន ៣គ្រឿង និង ១គ្រឿងផ្សេងទៀត ខាងផ្នែកត្រួតពិនិត្យប្រេងឥន្ធនៈ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់បន្ថែមទៀតថា​ ក្រសួងនឹងខិតខំប្រឹងប្រែង រៀបចំឱ្យមានរថយន្តពិសោធន៍ចល័តនេះក្នុងរាជធានី-ខេត្តនីមួយៗទាំងអស់ សម្រាប់បម្រើឱ្យទាន់ពេលវេលានៅតាមទីផ្សារ ជាពិសេសនៅតំបន់ជនបទ៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម​)