បទបង្ហាញ ស្តីពីការងារបង្ហោះដ្រូន ដើម្បីថតរូបភាពពីលើអាកាស ការវាស់វែង ការប្រមូលទិន្នន័យព័ត៌មានភូមិសាស្ត្រ និងការវិភាគទិន្នន័យជលសាស្ត្រសម្រាប់ក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ –ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំធ្វើបទបង្ហាញ ស្តីពីការងារបង្ហោះដ្រូន ដើម្បីថតយករូបភាពពីលើអាកាស ការវាស់វែង ការប្រមូលទិន្នន័យ  ព័ត៌មានភូមិសាស្ត្រ  និងការវិភាគទិន្នន័យជលសាស្ត្រសម្រាប់ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន សាលាក្រុងព្រះសីហនុ និងការិយា ល័យជំនាញសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។

តាមការបង្ហាញរបស់ក្រុមហ៊ុន Consultants Cambodia  KCC ស្តីពីការបង្ហោះដ្រូន ដើម្បីថតយករូបភាពពីលើអាកាសមាន ៥ផ្នែក គឺ ទី១- ផ្នែកបង្ហោះដ្រូន, ទី២- ការវាស់គំនូសទទឹង ការលំអិតលើផ្ទៃក្រឡាចក្រត្រង់, ទី៣- បង្កើតទិន្នន័យភូមិសាស្ត្រ ការប្រមូលទិន្នន័យដោយផ្ទាល់ ធ្វើផែនទីជាឌីជីថល និងការគ្រប់គ្រងទិន្នន័យ, ទី៤- វិភាគទិន្នន័យជលសាស្ត្រ, ទី៥- របាយការណ៍ និងការបោះពុម្ពផែនទី ។

ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុន Consultants Cambodia KCC ក្នុងការបង្ហោះដ្រូន សិក្សាលម្អិត ពង្រីកបន្ថែមតំបន់នៅសង្កាត់លេខ១ និងពយជំទាវម៉ៅ ស្ថិតក្នុងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យក្រុមការងារមានទិន្នន័យគ្រប់គ្រាន់យកមកធ្វើការកែលម្អ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ អូរ ប្រឡាយ និងសោភណភាពបរិស្ថានក្រុង ខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី