លោកឧកញ៉ា ឫទ្ធី រស្មី ប្រធានក្រុមហ៊ុន K99 Group ឧបត្ថម្ភរថយន្តពេទ្យសង្គ្រោះ ០៣គ្រឿង និងទឹកបរិសុទ្ធ ៥.០០០កេស ដល់រដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ -នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក ឧកញ៉ា ឫទ្ធី រស្មី ប្រធានក្រុមហ៊ុន K99 Group  បានឧបត្ថម្ភរថយន្តពេទ្យសង្គ្រោះចំនួន ០៣គ្រឿង និងទឹកបរិសុទ្ធចំនួន ៥.០០០កេស ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយសង្គ្រោះប្រជាពល រដ្ឋ ដែលមានហានិភ័យផ្សេងជាយថាហេតុ ។

លោកឧកញ៉ា ឫទ្ធី រស្មី  បានបញ្ចាក់ថា ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ទាមទារតម្រូវការរថយន្តសង្គ្រោះនាពេលបច្ចុបបន្ន ទើបលោកបានជួយឧបត្ថម្ភនូវរថយន្តពេទ្យសង្គ្រោះ និងទឹកបរិសុទ្ធឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ  ដើម្បីឱ្យរដ្ឋបាលខេត្តយកមកប្រើប្រាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ ប្រជាពលរដ្ឋដែលមានហានិភ័យផ្សេងៗជាយថាហេតុក្នុងក្រុងខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោកឧកញ៉ា ឫទ្ធី រស្មី ប្រធានក្រុមហ៊ុន K99 Group  ដែលបានផ្តល់រថយន្តពេទ្យសង្គ្រោះចំនួន ០៣គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុ ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដូច្នេះតម្រូវការរថយន្តសង្គ្រោះនាពេលបច្ចុប្បន្ន ក៏មានការកើនឡើងផងដែរ ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងមានការប្រឈមខ្ពស់នៅខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ។ ការឧបត្ថម្ភរថយន្តពេទ្យ ៣គ្រឿងនេះ ជាការចូលរួមចំណែកជួយសង្គម ដែលមិនអាចខ្វះបានរវាងវិស័យឯកជន និងរដ្ឋបាលខេត្តព្រះសីហនុ ម្យ៉ាងទៀតជាវប្បធម៌នៃការចែករំលែកការងារមនុស្សធម៌ក្នុងសង្គមកម្ពុជា ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រថយន្តសង្គ្រោះទាំង ០៣គ្រឿង ប្រគល់ឱ្យមន្ទីរសុខាភិបាលខេត្ត បែងចែកទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ០១គ្រឿង មណ្ឌលសុខភាពឃ្លាំងលើ ០១គ្រឿង និងប្រគល់ទៅមន្ទីរពេទ្យស្រុកកំពង់សិលា ០១គ្រឿង ដើម្បីជួយសម្រួលក្នុងការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងមានហានិភ័យផ្សេងៗបានទាន់ពេលវេលា ៕

ដោយ ងូ សុមុនី