ក្រុមហ៊ុន ហេង ចំរើន ឧបត្ថម្ភមីចំនួន៧០០កេសដល់រដ្ឋបាលខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ -ក្រុមហ៊ុន ហេង ចំរើន ដែលជាក្រុមហ៊ុនតំណាងចែកចាយផលិតផលមីនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន អេ ស៊ី ឃុក របស់ប្រទេសជប៉ុនដែលមានទីតាំងរោងចក្រផលិតមីនៅប្រទេសវៀតណាម បានផ្តល់មីចំនួន ៧០០កេស ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីបម្រើការងារមនុស្សធម៌ និងកិច្ចការសង្គមក្នុងខេត្តកំពង់ចាម ដែលពិធីប្រគល់បានធ្វើនារសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹង​ថ្ងៃ​ទី​០៩ ខែតុលា​ ឆ្នាំ​២០១៩​ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានរបស់ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម រួមនឹងថ្នាក់ដឹកនាំសាលាខេត្ត និងលោក Nguyen Thanh Phong តំណាងក្រុមហ៊ុន ហេង ចំរើន ប្រចាំប្រទេសកម្ពុជា។

លោក Nguyen Thanh Phong បានលើកឡើងថា ការផ្ដល់នូវអាហារក្រៀមជាមីដល់រដ្ឋបាលខេត្តកំពង់ចាម គឺក្នុងនាមសប្បុរសធម៌ មនុស្សធម៌ និងសង្គមធម៌ ដើម្បីចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម តាមរយៈរដ្ឋបាលខេត្តកំពងចាម ក្នុងការជួយដល់ជនក្រីក្រលំបាក និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានរបស់ខេត្តពិសេសគឺជនរងគ្រោះ និងងាយរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គកន្លងមកនេះ ។

ក្នុងឱកាសនោះ  ឯកឧត្តម អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហេង ចំរើនតំណាងនៃក្រុមហ៊ុន អេ ស៊ី ឃុក ដែលបានឧបត្ថម្ភនូវផលិតផលមីចំនួន ៧០០កេសនេះដល់រដ្ឋបាលខេត្តកំពងចាម ដើម្បីបម្រើការងារមនុស្សធម៌ និងកិច្ចការសង្គម ក្នុងខេត្តកំពងចាម។ នេះជាកាយវិការ នៃវប្បធម៌ចែករំលែក និងការជួយគ្នារវាងវិស័យឯកជនជាមួយរដ្ឋបាលខេត្តដើម្បីយកទៅធ្វើការចែកជូនដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

ឯកឧត្តម បានលើកឡើងថា គ្រោះទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ប្រមាណាជាង ៧.០០០គ្រួសារ រងផលប៉ះពាល់ និងជាង ៤.០០០គ្រួសារ បានរងគ្រោះ។ក្នុងអំឡុងពេលទឹកជំនន់តាមរយៈកាកបាទក្រហមកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ យើងបានផ្ត់ល់នូវជំនួយសង្គ្រោះបន្ទាន់បានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋយើងដែលរងគ្រោះដោយគ្រោះធម្មជាតិនេះ។

ឯកឧត្ដម អភិបាលខេត្ត ក៏សំណូមពរដល់ក្រុមហ៊ុនសុំបន្តជួយដល់ផ្នែកមនុស្សធម៌បន្តទៀតដល់រដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្តនឹងប្រើប្រាស់ជំនួយមនុស្សធម៌នេះឱ្យចំគោលដៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងមូលដ្ឋានដោយសមភាព តាមគោលការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕

ដោយ ឆាត ម៉ុត